ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោក អាំផៃ ឃីន ដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជាក្នុង រយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនទំាងពីរ កម្ពុជា-ឡាវ។ សម្តេចបានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោកនៅកម្ពុជា ត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីត-១៩ យ៉ាងណាក្តី ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទំាងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើគ្រប់វិស័យរួមមាន នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាដើម ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញ ទៅមក។
លោក អាំផៃ ឃីនដាវង្ស បានគំាទ្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ក៍ដូចជារដ្ឋសភាកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងការចូលរួមចំណែកដល់ជោគជ័យនៃបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។
លោកបានបន្តទៀតថា ទោះបីនៅក្នុងកាលៈទេសៈដែលជំងឺកូវីដ-១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកជាងបីឆ្នាំនៅកម្ពុជាយ៉ាងណាក្តីលោកបានខិតខំ ជំរុញនិងលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេស ដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបន្តបន្ទាប់ តាមដែលអាចធ្វើបាន ទំាងស្ថាប័ននីតិប្បញត្តិនិងនីតិប្របត្តិ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណីនិងបងប្អូនរវាងប្រទេសនិងប្រជាជន ឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។
លោកឯកអគ្គរដ្ឋទូតបានថ្លៃងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានគំាទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ ជាពិសេស នៅក្នុងពេលវិបត្តិនៃជំងឺកូវីដ-១៩រាតត្បាត កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សំាងនិងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការនិងភាពចំាបាច់នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩យ៉ាងណាក្តី។ ជាពិសេស នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនាយករដ្ឋរដ្ឋមន្រ្តីឡាវ មកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកា១៣លានដុល្លារនិងសម្ភារពេទ្យជាច្រើនដលើប្រទេសឡាវ។
ជាមួយគ្នានេះ លោកឯករដ្ឋទូតបានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ បានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវបានមកសិក្សានៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស បានគូសបញ្ជាក់ថា ទោះបីលោកត្រូវចាកចេញពីកម្ពុជាទៅបំពេញបំពេញភារកិច្ចថ្មីក្តី តែលោកនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឲ្យបានច្រើន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២ នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន (AIPA) និងជាប្រធានអាស៊ាន (ASEAN) សម្តេចសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្ត គាំទ្រតួនាទីជាអន្តរជាតិដ៏មាន សារៈសំខាន់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពសម្រាប់ ប្រជាជាតិទាំងពី ក៏ដូចជាតំបន់អាស៊ានទាំងមូល៕
ដោយ៖ សូរិយា