ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្តោងទូកុងតឺន័របើកលឿនកៀរម៉ូតូដួលកិនជាប់ក្រោមរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តសណ្តោងទូកុងតឺន័របើកលឿនកៀរម៉ូតូដួល រួចកិនពីលើ ម៉ូតូ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូធំម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-5321 ជិះតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងទូកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-0512 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសពីក្រោយ មកកៀរម៉ូតូបណ្តាលឲ្យដួល រួចកិនពីលើម៉ូតូ ជាប់ក្រោមកង់រថយន្ត ចំណែកម្ចាស់ម៉ូតូ បានខ្ទាតចេញពីម៉ូតូបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះអ្នកបើករថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖