ខេត្តតាកែវ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ មន្ត្រីជំនាញ តែងតែចុះ ត្រួតពិនិត្យនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅទីតាំងលក់ដូរនានា តាមបណ្ដារាជធានី ខេត្ត ក្រុង។
ជាក់ស្ដែងមន្ត្រីជំនាញ ក.ប.ប. សាខាខេត្តតាកែវ បានចុះត្រួតពិនិត្យទំនិញនៅលើបណ្ដាទីផ្សារ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងគោលបំណងស្វែករកនូវទំនិញមិនមានភាពអនុលោម និងទប់សា្កត់អំពើមិនសុចរិតនៅលើទីផ្សារ ដើម្បីធានាការពារសុខុមាលភាពប្រជាពលរដ្ឋក្នុងក្រុងដូនកែវ នៃខេត្តតាកែវ។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតនូវទំនិញមិនមានភាពអនុលោមចំនួន ៥១គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ។
សូមជម្រាបដែរថា កន្លងមក មន្រ្តីជំនាញក៏បានបន្ត និងបញ្ចប់ការផ្សព្វផ្សាយនូវផលប៉ះពាល់នៃសារធាតុ អាសបេស្ដុសនៅរាជធានីភ្នំពេញ តាមបណ្ដាហាងលក់គ្រឿងសំណង់ និងស្រង់យកគំរូមួយចំនួនមកវិភាគនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ផ្ទាល់ផងដែរ៕
ដោយ៖ស តារា