ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានធ្វើការផ្សព្វផ្សាយ អប់រំណែនាំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអស់រយៈពេលជាច្រើនឆ្នាំ ព្រមទាំងបានចេញសេចក្តីជូនដំណឹងបន្តបន្ទាប់ ជាពិសេសសេចក្តីជូនដំណឹងលេខ០៤៩សជណ.សក.គតលទ ចុះថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២០ ស្តីពីការពង្រឹងវិធានការតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក៏ដោយ ក៏នៅតែសង្កេតឃើញថាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូចនៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
ជាក់ស្តែងបន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងបន្ធូរបន្ថយ និងដោះលែងរថយន្តចំនួន ២២៩គ្រឿង កាលពីថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០២១ មក រថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី២០(ម្ភៃ)ភាគរយ ចំនួន៧៥គ្រឿង ត្រូវបានមន្ត្រីមានសមត្ថកិច្ចប្រចាំស្ថានីយជញ្ជីងអចល័ត និងជញ្ជីងចល័តនៃក្រសួងសាធារណការ និងដឹកជញ្ជូន បង្ក្រាប និងស្ទាក់ចាប់បានជាបន្តបន្ទាប់។
អាស្រ័យហេតុនេះ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សង្ឃឹមជឿជាក់ និងសូមអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ចូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋាន ជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាមការក្រើនរម្លឹកសារថ្មីនៃសេចក្តីជូនដំណឹងនេះឱ្យបានម៉ឺងម៉ាត់បំផុត មានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ស តារា