ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានបើកកិច្ចប្រជុំសំខាន់របស់បក្សកាន់អំណាច

ចែករំលែក៖

កូរ៉េខាងជើង៖ កិច្ចប្រជុំខុសប្រក្រតីនេះគឺដើម្បីប្រកាសនូវគោលនយោបាយសំខាន់ៗរបស់ជាតិសម្រាប់ឆ្នាំថ្មី ២០២២។
សារព័ត៌មានកូរ៉េខាងជើង KCNA បានផ្សាយថា កិច្ចប្រជុំធ្វើឡើងនៅថ្ងៃទី២៧ខែធ្នូ ។ កិច្ចប្រជុំធ្វើឡើងក្នុងពេលដែលកូរ៉េខាងជើងកំពុងប្រឈមបញ្ហាជាច្រើនពាក់ព័ន្ធនឹងសេដ្ឋកិច្ច ដោយសារតែការឆ្លងកូវីដ-១៩ និងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិ។
កិច្ចប្រជុំពិសេសធ្វើឡើងក្រោយកូរ៉េខាងជើងប្រារព្ធខួបអនុស្សាវរីយ៍ ១០ឆ្នាំនៃថ្ងៃឡើងកាន់អំណាចរបស់មេដឹកនាំគីម ជុងអ៊ុន ជំនួសឪពុក គីម ជុងអុីល ដែលបានទទួលមរណភាពនៅឆ្នាំ២០១១។
សារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានផ្សាយថា កិច្ចប្រជុំពិសេសនេះគឺដើម្បី វាយតម្លៃពីការអនុវត្តគោលនយយោបាយធំៗរបស់បក្ស និងរដ្ឋដែលបានដាក់ចេញនៅក្នុងឆ្នាំ២០២១ ក៏ដូចជាកំណត់យុទ្ធសាស្ត្រទិសដៅក្នុងឆ្នាំ២០២២ផងដែរ។
តាមសារព័ត៌មានKCNA កិច្ចប្រជុំ បានពិភាក្សាទៅលើគោលនយោបាយយុទ្ធសាស្ត្រ ក៏ដូចជាចក្ខុវិស័យ និងការតស៊ូដើម្បីបក្សនិងប្រជាជនឆ្ពោះទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី កសាងសង្គមនិយមទទួលបានជ័យជម្នះជាបន្តទៀត។
ក្នុងឱកាសឆ្នាំថ្មី មេដឹកនាំគីម ជុងអ៊ុន តែងតែប្រកាសពីគោលនយោបាយថ្មី ។ កាលពីឆ្នាំ២០១៨ លោកគីមក៏បានប្រកាសថានឹងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចូលរួមការប្រកួតអូឡាពិករដូវរងានៅកូរ៉េខាងត្បូង។ នៅក្នុងឆ្នាំ២០១៩ លោកក៏បានប្រកាសពីគោលនយោបាយបន្តការពិភាក្សាជាមួយអាមេរិក ដែលដឹកនាំដោយលោកត្រាំនាពេលនោះ៕ ដោយ៖ធីរីណា

រូបថត៖KCNA


ចែករំលែក៖