ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណការ​ បេី​កកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែកនៅតាមបណ្ដោយផ្លូវដែក

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀល​ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងដីចំណីផ្លូវដែក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញបច្ចេកទេស​ នៅទីស្ដីការក្រសួង។ 

អង្គប្រជុំបានពិភាក្សា និងឯកភាពទៅលើខ្លឹមសារ និងចំណុចសំខាន់ៗមួយចំនួន ដូចជាចំណងជើងអនុក្រឹត្យ ការរៀបចំឡើងវិញទម្រង់នៃអនុក្រឹត្យ និងចំណងជើងនៃជំពូកនីមួយៗដែលរួមមាន៖ ជំពូកទី១ស្ដីពីបទបញ្ញត្តិទូទៅ ជំពូកទី២ស្ដីអំពីសមត្ថកិច្ចគ្រប់គ្រងផ្លូវដែក ជំពូកទី៣ស្ដីអំពីការសង់សង់ផ្លូវឆ្លងកាត់ផ្លូវដែក ជំពូកទី៤ស្តីពីការកំណត់ដីចំណីផ្លូវដែក ជំពូកទី៥ស្ដីពីវិធានការសុវត្ថិភាពផ្លូវឆ្លងកាត់ និងកិច្ចការពារដីចំណីផ្លូវដែក ជំពូកទី៦ស្ដីពីប្រភពធនធាន ជំពូកទី៧ស្តីពីទោសប្បញ្ញត្តិ និងជំពូកទី៨ស្តីពីអន្តរប្បញ្ញត្តិ។ 

អង្គប្រជុំក៏បានជជែកពិភាក្សាផងដែរនូវនិយមន័យ និងការប្រើពាក្យបច្ចេកទេសមួយចំនួនដូចជា សម្ភារៈយានផ្លូវដែក យានផ្លូវដែក រថភ្លើង។ល។   

លោករដ្ឋលេខាធិការប្រធានអង្គប្រជុំ​ បានណែនាំឱ្យក្រុមការងារជំនាញរបស់ក្រសួងយកខ្លឹមសារដែលបានឯកភាពខាងលើទៅរៀបចំជាមាត្រា និងខ្លឹមសារលម្អិត ដើម្បីលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំសប្ដាហ៍ក្រោយទៀត។

សូមជម្រាបជូនថាអនុក្រឹត្យនេះរៀបចំឡើង ក្នុងគោលបំណងគ្រប់គ្រង និងលុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវដែក ទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវដែក ក៏ដូចជាកាត់បន្ថយឧបសគ្គនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវដែក កាត់បន្ថយរាល់ការចំណាយរបស់រដ្ឋទៅលើការដោះស្រាយផលប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិនៅតាមបណ្ដាញផ្លូវ និងធានាការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា៕

ដោយ​៖ស​ តារា​


ចែករំលែក៖