ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា ឆ្នាំ២០២២ខាងមុខនេះ អាចជាឆ្នាំនៃការចរាចររបស់វីរុសបំប្លែងថ្មី ជាពិសេស គឺពួកអូមីក្រុង ហើយកម្ពុជាយើងបាននិងកំពុងតែខិតខំទប់ស្កាត់ការចរាចររបស់វីរុសនេះ ចូលមកប្រទេសយើងតាមរយ:អ្នកដំណើរ ខណៈពេលដែលកម្ពុជាយើងបានបើកប្រទេសពេញលេញរួចទៅហើយកាលពីខែវិច្ឆិកាកន្លងទៅនេះ ប៉ុន្តែយើងអាចការពារការចម្លងរបស់វីរុសនេះចូលទៅក្នុងសហគមន៍យើង តាមរយៈការអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ត់ចត់បំផុត នូវវិធានការ ០៣ការពារ និង០៣កុំ បូករួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឬដូសជំរុញឱ្យបានគ្រប់ៗគ្នានៅពេលដល់វេនលោកអ្នក។
លោកស្រីវេជ្ជបណ្ឌិតរដ្ឋលេខាធិការក្រសួងសុខាភិបាល ឱ វណ្ណឌីន បានថ្លែងដូច្នេះ ខណៈដែលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងនេះ ដែលបាននិងកំពុងធ្វើចរាចរទៅស្ទើរតែគ្រប់ទិសទី រួមនឹងការរកឃើញលើអ្នកដំណើរចូលមកកម្ពុជាផងដែរ។លោកស្រីបានបញ្ជាក់បន្ថែមថា ពិតមែន តែនៅពេលនេះក្រសួងសុខាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធ បាននិងកំពុងអនុវត្តវិធានការរឹតបន្តឹងនៅតាមច្រកចេញចូលនៅទូទាំងប្រទេស ទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹកក៏ពិតមែន ប៉ុន្តែការរកឃើញវីរុសអូមីក្រុងចំនួន ១៥ករណី ក្នុងពេលតែមួយថ្ងៃ គឺជាករណីនាំចូលនោះ គឺជាសញ្ញាដាស់តឿនថា លទ្ធភាពដែលវីរុសនេះនឹងធ្វើចរាចរចូលមកកម្ពុជាយើង នឹងអាចមានរកឃើញជាបន្តបន្ទាប់ទៀត ហើយហានិភ័យនៃការចម្លងចូលក្នុងសហគមន៍ក៏អាចនឹងកើតមានឡើងជាយថាហេតុផងដែរ ប្រសិនបើយើងទាំងអស់គ្នាមិនបានត្រៀមលក្ខណ:ការពារខ្លួនហ្មត់ចត់។
ហេតុដូច្នេះហើយ វិធានការបន្ទាប់គឺ ការចូលរួមរបស់បុគ្គលនីមួយៗក្នុងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារខ្លួន ការពារសហគមន៍ខ្លួន ជាការចាំបាច់បំផុត ព្រោះថាវិធានការទាំងនេះ រួមជាមួយនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរនោះ ពិតជាអាចជួយអាយុជីវិតមនុស្សពីការវ៉ៃលុកសរីរាង្គកាយនៃវីរុសកូវីដ-១៩ បានយ៉ាងមានប្រសិទ្ធភាព មិនថាពពួកបំប្លែងថ្មីដូចជា អូមីក្រុង ដែលតា និងអាល់ហ្វា ឬវីរុសកូវីដ-១៩បំប្លែងថ្មីដទៃទៀតនោះទេ។
ពាក់ព័ន្ធនឹងសំណួរថា តើក្នុងករណីដែលអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍ ជាយថាហេតុណាមួយនោះ អ្នកដែលកើតវីរុសប្រភេទនេះអាចស្នើសុំការអនុញ្ញាតដើម្បីព្យាបាលនៅតាមផ្ទះបានឬទេ លោកស្រីអ្នកនាំពាក្យ បានបញ្ជាក់ថា៖ “ដោយសារតែពេលនេះ ពុំទាន់មានការចម្លងនៅក្នុងសហគមន៍ ដូច្នេះអាស្រ័យលើស្ថានភាពជាក់ស្តែង និងគោលការណ៍ប្រតិបត្តិដែលសម្រេចដោយគណ:កម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្រសួងសុខាភិបាលក៏មិនបានព្រងើយកន្តើយចំពោះបញ្ហានេះដែរ គឺបាននិងកំពុងសិក្សា និងមានផែនការរួចហើយ ក៏ព្រោះថាពិតមែនតែវីរុសបំប្លែងថ្មីអូមីក្រុងនេះ នៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីភាពកាចសាហាវ និងនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពក៏ពិតមែន ប៉ុន្តែវាមានសមត្ថភាពអាចចម្លងបានរហ័សលឿនណាស់ ដែលតម្រូវឱ្យក្រសួងពិនិត្យ លើការងារនេះឱ្យបានល្អិតល្អន់ផងដែរ”។
លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាលនៅតែអំពាវដ៏ទទូច ដោយសូមឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវបន្តទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលមិនទាន់បានចាក់ សូមរួសរាន់ទៅចាក់នៅមន្ទីរពេទ្យជាតិ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតកន្លែងរស់នៅ ហើយសម្រាប់អ្នកដែលបានចាក់ដូសទី១ហើយ សូមប្រញាប់ទៅចាក់ដូសទី២ ទៅតាមថ្ងៃខែកំណត់។
ដោយឡែកសម្រាប់អ្នកដែលបានចាក់២ដូស ឫដូសមូលដ្ឋានរួច សូមស្វះស្វែងរកការចាក់ដូសទី៣ ឬដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត ដែលមកទល់ពេលនេះ សម្រាប់រាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមបើកយុទ្ធនាការចាក់ដូសទី៣ ឬដូសជំរុញនេះជាបណ្តើរៗហើយ។ សូមកុំភ្លេចថា “វ៉ាក់សាំងកូវីដ-១៩ នៅតែជាឧបករណ៍ដ៏មានសារប្រយោជន៍ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្សក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩”៕
ដោយ៖ សូរិយា