ភ្នំពេញ ៖ បុរសម្នាក់ប្រដាប់ដោយឈើជ្រុងបានវាយទៅលេីមិត្តភក្តិរួមការងារបណ្តាលឱ្យបែកភ្នែកម្ខាង ដោយសារតែខឹងជនរងគ្រោះមិនយល់ព្រមឌុបម៉ូតូជូនទៅតាមវាយគូទំនាស់ កាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅការដ្ឋានសំណង់ តាមផ្លូវបេតុង ក្រុម៤ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយកើតហេតុភ្លាមៗ ដោយសារតែស្ថានភាពរបួសធ្ងន់ ជនរងគ្រោះបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យសិន លុះដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះទើបទៅប្តឹងសមត្ថកិច្ចឱ្យជួយធ្វើអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យនៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ ក្បែរការដ្ឋានសំណង់នោះ ។
ជនដៃដល់មានឈ្មោះ ធី ទូច ហៅវែង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលលេខ៣៥ ជាន់ទី៣ ផ្លូវបេតុង ក្រុម៥ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិបឹងវាល ឃុំត្នោតជ្រំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកជនរងគ្រោះមាន ឈ្មោះ ម៉ុន ណាឃីន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ជាមួយគ្នា ស្នាក់នៅការដ្ឋានសំណង់ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ មានស្រុកកំណើតនៅភូមិរកា ឃុំអង្គតាសូរ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុពួកគេទាំង២នាក់ត្រូវជាមិត្តភ័ក្តិរួមការងារជាមួយគ្នាបានផឹកសុីនៅក្នុងការដ្ឋានសំណង់ រួចហើយបន្តនាំគ្នាទៅចូលក្លិបនៅផ្លូវវេងស្រេង ម្តុំផ្សារត្រពាំងថ្លឹង ផឹកអស់ស្រា៦ដបក៏ស្រាប់តែ ជនសង្ស័យឈ្មោះ ធី ទូច មានទំនាស់គ្នាជាមួយអ្នកផ្សេងនៅក្នុងក្លិប។ ពេលឃើញសភាពមិនស្រួលខ្លាចមានបញ្ហាខ្លួនក៏ហៅជនសង្ស័យវិលមកផ្ទះជួលវិញ។ លុះដល់វេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យមិនអស់ចិត្ត ក៏បបួលរូបខ្លួនជាជនរងគ្រោះឱ្យយកម៉ូតូឌុបគេជូនទៅតាមរកវាយគូទំនាស់ តែខ្លួនមិនព្រមទៅ បែរជាជនសង្ស័យចោទថាខ្លួនសុទ្ធតែជាបក្ខពួកគូទំនាស់ ស្រាប់តែទាញបានឈើជ្រុងវាយមកលើរូបខ្លួនតែម្តង បណ្តាលឱ្យរងរបួសបែកភ្នែកខាងស្តាំ។ ភ្លាមៗនោះត្រូវបានបងប្អូនសាច់ញាតិឌុបរូបខ្លួនទៅមន្ទីរពេទ្យសិន រហូតដល់ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ទើបឆ្លៀតទៅប្តឹងសមត្ថកិច្ចឱ្យចុះទៅឃាត់ខ្លួនជនដៃដល់បាននៅបន្ទប់ជួល ។
តាមសម្តីជនសង្ស័យវិញ បានឱ្យដឹងថា ខ្លួនពិតជាបានវាយលើជនរងគ្រោះមែន ព្រោះតែខឹងជនរងគ្រោះមិនឌុបជូនខ្លួនទៅជួយវាយគូទំនាស់ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះភ្លាមកម្លាំងសមត្ថកិច្ចក៏ចុះទៅចាប់ឃាត់បានជនសង្ស័យដល់បន្ទប់ជួល រួចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ