ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, បេក្ខជនប្រឡងនៅតាមមណ្ឌលមួយចំនួន មានបញ្ហាសុខភាព នៅក្នុងអំឡុងពេលប្រឡងក្នុងដំណើរសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ ។ បេក្ខជនដែលមានបញ្ហាសុខភាព ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម បានទទួលការជួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីអាចត្រឡប់ចូលរួមបន្តការប្រឡងបាន។ ដោយឡែកគណៈមេប្រយោគ និងក្រុមគ្រូពេទ្យក៏បានជួយសម្របសម្រួល ដើម្បីជួយដល់បេក្ខជនមួយរូបដែល បានជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីអាចចូលរួមប្រឡងបានផងដែរ។
ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបថា ដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡាបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ៕
ដោយ ៖ សិលា