ក្លិប Olympique Lyonnais និងក្លិប Paris FC ត្រូវបានបណ្តេញចេញពីការប្រកួតពានរង្វាន់ French Cup និងរងការពិន័យជាប្រាក់បន្ទាប់ពីការប្រកួតរបស់ពួកគេកាលពីដើមខែនេះ ត្រូវបានលុបចោល ដោយសារបញ្ហាហ្វូងមនុស្សសម្រុកចូលទីលានប្រកួតដោយគ្មានសណ្តាប់ធ្នាប់។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់បារាំង (FFF) បានប្រកាសកាលពីថ្ងៃអង្គារ។
មានអ្នកគាំទ្រវាយតប់គ្នាហើយពួកគេខ្លះបានដើរចូលទីលានដើម្បីបោះដុំភ្លើងទៅវិញទៅមកនៅតង់ទី១ នៅពេលដែលក្រុមទាំង២ប្រកួតស្មើ១ទល់១ ក្នុងការប្រកួតកាលពីថ្ងៃទី១៧ ខែធ្នូ។
វាជាឧប្បត្តិហេតុចុងក្រោយបង្អស់ដែលបានធ្វើឲ្យបាល់ទាត់បារាំងរង្គោះរង្គើក្នុងរដូវកាលនេះ ដែលនាំឲ្យប្រធាន FFF លោក Noel Le Graet និយាយថា វាជា “មហន្តរាយ” និង “ភាពអាម៉ាស់បំផុត”សម្រាប់ព្រឹត្តិការណ៍នេះ។
គណៈកម្មការវិន័យរបស់សហព័ន្ធបាល់ទាត់បារាំងក៏បានពិន័យក្លិប Lyon ចំនួន៥២,០០០អឺរ៉ូ (៥៨,៨៩០ដុល្លារអាមេរិក) ខណៈដែលក្រុម Paris FC លំដាប់ទី២នៃលីគបារាំងត្រូវបានពិន័យ១០,០០០អឺរ៉ូ។
អ្នកគាំទ្ររបស់ក្រុម Lyon បានហាមឃាត់មិនឱ្យចូលរួមការប្រកួតក្រៅដីក្នុងការប្រកួតក្នុងស្រុកសម្រាប់ការប្រកួតដែលនៅសល់នៃរដូវកាលនេះ។Lyon ក៏បានទទួលការពិន័យព្យួរពីការប្រកួត French Cup សម្រាប់រដូវកាល២០២២-២០២៣ជាមួយនឹងការព្រមានថា ពួកគេនឹងត្រូវបណ្តេញចេញម្តងទៀត ប្រសិនបើអ្នកគាំទ្ររបស់ពួកគេមានកំហុសចំពោះអំពើហិង្សាដែលនាំឱ្យការប្រកួតត្រូវបានលុបចោល។
គួររំលឹកថា ក្លិប Lyon ធ្លាប់ត្រូវបានដក១ពិន្ទុរួចហើយនៅក្នុងក្របខ័ណ្ឌលីគកំពូលបារាំង Ligue 1 បន្ទាប់ពីការប្រកួតក្នុងផ្ទះរបស់ពួកគេជាមួយក្រុម Marseille ត្រូវបានពន្យារពេលកាលពីខែមុន បន្ទាប់ពីកីឡាករ Dimitri Payet របស់ Marseille ត្រូវបានគេគប់ដបពីកន្លែងអង្គុយ ៕
ដោយ៖ ភារៈ(រូបភាព ៖CNA)