ខេត្តកំពង់ឆ្នាំង ៖ ទីតាំងលក់ហ្គាស និង ប្រេងឥន្ធនៈមួយកន្លែង ស្ថិតតាមបណ្តាយផ្លូវជាងិលេខ៥ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះគេឃើញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង របស់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ រយៈពេលជាង២ម៉ោង ទើបភ្លើងរលត់ទាំងស្រុង ។
លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ លោកបានដឹកនាំកម្កាំង និង រថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើរយៈពេលជាង២ម៉ោង អស់ទឹកចំនួន១៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង ។
លោកស្នងការរងបានឲ្យដឹងបន្តថា ហេតុការណ៍នេះបណ្តាលឲ្យឆេះទីតាំងលក់ហ្គាសខូចខាតស្ទើរទាំងស្រុង និង ហ្គាសចំនួន៦៨បំពង់ ព្រមទាំងសម្ភារមួយចំនួនផងដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ឡើយ ៕
ដោយ ៖ ចន្ថា