ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតអណ្តូងរ៉ែមាសនៅស៊ូដង់ ស្លាប់៣៨នាក់

ចែករំលែក៖

ស៊ូដង់៖ មន្ត្រីក្រុមហ៊ុនធនធានធម្មជាតិរបស់ប្រទេសស៊ូដង់ នៅថ្ងៃទី២៨ខែធ្នូ បានប្រកាសថា បានរកឃើញមនុស្ស៣៨នាក់ស្លាប់ នៅក្នុងហេតុការណ៍បាក់ស្រុតអណ្តូងរ៉ែមាសនៅក្នុងប្រទេសនេះ។
សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់ក្រុមហ៊ុនធនធានធម្មជាតិរ៉ែស៊ូដង់ ដែលបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅក្នុងអណ្តូងរ៉ែមាសស្ថិតនៅក្នុងភូមិ Fuja មានចម្ងាយពីទីក្រុង Khartoum ៧០០គីឡូម៉ែត្រនៅភាគខាងត្បូង ។ អណ្តូងរ៉ែខាងលើបានផ្អាកដំណើរការហើយ ប៉ុន្តែក្រុមកម្មករអណ្តូងរ៉ែនៅក្នុងតំបន់បាននាំគ្នាចូលទៅខាងក្នុងដើម្បីជីកស្វែងរកមាសដោយខ្លួនឯង ក្រោយក្រុមសន្តិសុខការពារបាននាំគ្នាចាកចេញទៅអស់។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា មានអ្នករងរបួសជាច្រើនផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីតួលេខច្បាស់លាស់នោះឡើយ។ ជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយស៊ូដង់បានផ្សាយថា មានមនុស្ស៨នាក់រងរបួសនៅក្នុងហេតុការណ៍បាក់ស្រុតខាងលើ ។
ស៊ូដង់ជាប្រទេសផលិតមាសដ៏ធំមួយ ដោយមានអណ្តូងរ៉ែមាសជាច្រើននៅគ្រប់ទីកន្លែងទូទាំងប្រទេស។ នៅក្នុងឆ្នាំ២០២០ ប្រទេសតំបន់អាហ្វ្រិកខាងកើតមួយនេះបានផលិតមាសរហូតដល់ទៅ ៣៦,៦តោន គឺច្រើនលំដាប់ទីពីរនៅទ្វីបអាហ្វ្រិក។
ការខួងយករ៉ែមាសតាមបែបសិប្បកម្មគឺជាមុខរបរដ៏គ្រោះថ្នាក់នៅស៊ូដង់ ដោយសារតែសន្តិសុខមិនត្រូវបានធានា ។ មានកម្មករប្រមាណ២លាននាក់ធ្វើការនៅក្នុងស្ថាប័ននេះ ហើយការប្រើកម្លាំងមនុស្សខួងយករ៉ែមាសមានដល់ទៅ ៨០%នៃចំនួនមាស៨០តោនដែលខួងបាននៅស៊ូដង់ក្នុងមួយឆ្នាំៗ៕

ដោយ៖ធីរីណា(រូបថត៖Almayadeen)


ចែករំលែក៖