ព័ត៌មានទាន់ហេតុការណ៍៖

សមាជិករដ្ឋសភា​ គោរពជូនពរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សាក្នុងឱកាសចូលឆ្នាំសកល

ចែករំលែក៖

ភ្នំពេញ​៖​ នៅក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២២ ដែលនឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ សមាជិកសមាជិការដ្ឋសភា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២១។​ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ 

សមាជិកសមាជិការដ្ឋសភា បានគោរពកោតសរសើរដឹងគុណយ៉ាងក្រៃលែងចំពោះពលីកម្មដើម្បីជាតិមាតុភូមិរបស់សម្តេចប្រធានរដ្ឋសភាតាំងដើមរហូតមក ជាពិសេសនៅក្នុងតួនាទីដ៏ឧត្តុង្គឧត្តមជាប្រធានស្ថាប័នរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី បានយកអស់កម្លំាងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មបម្រើបុព្វហេតុជាតិ មាតុភូមិកម្ពុជាទទួលបានសមិទ្ធផលជាច្រើន លើវិស័យតាក់តែងច្បាប់ វិស័យការទូតសភានិងភាពជាតំណាងពលរដ្ឋ ធ្វើឱ្យសភាកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ទទួលបានកិត្តិយសយ៉ាងធំធេងនៅលើឆាកអន្តរជាតិ ពិសេសពលរដ្ឋទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងមានជីវភាពឈានឡើងជាលំដាប់។

ប្រតិភូតំណាងសមាជិករដ្ឋសភា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានគោរពជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង សម្តេចធម្មវិសុទ្ធវង្សា នៅក្នុងឱកាសដ៏វិសេសវិសាលចូលឆ្នាំសកលឆ្នាំ២០២២ បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លំាងមាំមួន និងជន្មាយុយឺនយូរដើម្បីបន្តដឹកនាំ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

ដោយ​៖ស​ តារា​


ចែករំលែក៖