ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានធ្វើការកម្ទេចចោលនូវទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង៥០០គីឡូក្រាមស្ថិតនៅទីលានចាក់សំរាម។ គួរបញ្ជាក់ថា ទំនិញទាំងអស់អស់ត្រូវបានមន្រ្តីជំនាញដកហូតបាននៅលើទីផ្សារ ឃ្លាំងស្ដុក និងចែកចាយទំនិញផ្សេងៗកន្លងមក។
ជាមួយគ្នានេះ មន្រ្តីជំនាញ ក.ប.ប. នៃនាយកដ្ឋានកិច្ចការហាឡាល នាថ្ងៃទី២៧ និង២៨ ខែធ្នូ ឆ្នាំ២០២១ បានចុះត្រួតពិនិត្យ និងវាយតម្លៃផលិតផលហាឡាលកម្ពុជាជូនក្រុមហ៊ុនចំនួន៣ ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសស្ដង់ដារផលិតផលហាឡាលកម្ពុជាជូនដល់ក្រុមហ៊ុន សហគ្រាសផលិតផល និងសិប្បកម្មចំនួន ៣គឺ៖
*១/ ក្រុមហ៊ុនអង្គរ ឌែរី ប្រូដាក ខូអិលធីឌី
*២/ ក្រុមហ៊ុនកម្ពុជា ហ្វូត ខបភើរេសិន (៨សាខាទូទាំងរាជធានីភ្នំពេញ)
*៣/ សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអុីវ Lotus Food
ការចុះត្រួតពិនិត្យនេះគឺដើម្បីឆ្លើយតបទៅនឹងការដាក់ពាក្យស្នេីសុំវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដារផលិតផលហាឡាលកម្ពុជាពីសំណាក់ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មទាំង ៣ខាងលើផងដែរ។
ដោយឡែក នៅថ្ងៃដដែលនេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ធំ បានបន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំងក្នុងចំណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ៧ទីតាំងត្រូវបានត្រួតពិនិត្យ។ ជាក់ស្ដែងម្ចាស់ទីតាំងទាំង ២នេះ ត្រូវបានមន្រ្តីជំនាញពិន័យអន្តរការណ៍ទៅតាមនីតិវិធីស្របតាមច្បាប់ដែលបានចែងផងដែរ៕
ដោយ៖សហការី