ព័ត៌មានទាន់ហេតុការណ៍៖

ព្រះគ្រូចៅអធិការវត្តព្រៃឆ្លាក់ ផ្ដល់ទីស្នាក់អាស្រ័យ និងអាហាររយៈពេល២ថ្ងៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀង ដើម្បីសម្រួលដល់ការស្នាក់នៅរបស់សិស្ស សម្រាប់ការប្រឡងយកសញ្ញាបត្រទុតិយភូមិមកពីបណ្ដាក្រុងស្រុក ឆ្ងាយៗដែលមានជីវភាពខ្វះខាត គ្មានលទ្ធភាពជួលផ្ទះសំណាក់ និងគ្មានបងប្អូនញាតិមិត្តក្នុងការស្នាក់នៅនោះ វត្តព្រៃឆ្លាក់ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានរៀបចំកន្លែងស្នាក់អាស្រ័យជូនបេក្ខជន និងផ្ដល់អាហាររយៈពេល២ថ្ងៃផងដែរ។

យោងតាមលោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តស្វាយរៀង បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ នៃការប្រឡងយកសញ្ញាបត្រទុតិយភូមិរបស់សិស្សមកពីបណ្ដាក្រុងស្រុក នៃខេត្តស្វាយរៀងវត្តអារាមចំនួន៤ វត្តបានរៀបចំទទួលការស្នាក់នៅរបស់សិស្សានុសិស្សក៏ដូចជាផ្ដល់អាហារផងដែរ។

លោក ទីវ សុភា បានបញ្ជាក់ថា វត្តព្រៃឆ្លាក់ដែលស្ថិតក្នុងក្រុងស្វាយរៀងក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការវត្ត និងគណៈកម្មការបានរៀបចំអាហារចំនួន២ថ្ងៃ ដល់បេក្ខជនប្រឡង កងកម្លាំងជាង១០០នាក់ ដែលជួបការខ្វះខាត ក្នុងនោះក៏មានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ក៏បានចុះមកសួរសុខទុក្ខមាតាបិតាសិស្ស ក៏ដូចជាបេក្ខជនប្រឡងនៅក្នុងវត្តព្រៃឆ្លាក់ផងដែរ។

ជាមួយគ្នានេះ ព្រះសង្ឃក៏បានផ្សព្វផ្សាយអំពីវិធានការការពាររបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដល់មាតាបិតាសិស្សក៏ដូចជា បេក្ខជនប្រឡងទាំងអស់ឲ្យប្រកាន់នូវវិធានការ «៣កុំ ៣ការពារ»ឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖