ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សារជូន នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងយោធពលខេមរភូមិន្ទ នៅក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំ២០២២ ដែលនឹងចូលមកដល់នៅអំឡុង២ថ្ងៃខាងមុខនេះ។
ជាក់ស្ដែងយោងតាមរយៈសារខាងលើនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងយ៉ាងដូច្នេះថា៖ «តាងនាម ថ្នាក់ដឹកនាំអគ្គបញ្ជាការ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមផ្ញើជូននូវការសាកសួរសុខទុក្ខពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ដែលក្នុងឆ្នាំកន្លងមកបានខិតខំពុះពារជម្នះរាល់ការលំបាក ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិមាតុភូមិជាទីស្នេហានយើង» ។
ជាមួយនឹងការសម្តែងការនឹករលឹកនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានជំរុញឱ្យ នាយទាហាន នាយទានហានរង និងពលទាហាននៅគ្រប់បណ្តាអង្គភាពក្រោមចំណុះ ចូលរួមអនុវត្តយ៉ាងសកម្មនូវគោល នយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ញាការ សំដៅកសាងកងយោធពលខេមរភូមិន្ទ ឱ្យបានរឹងមាំរៀបរយ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចក្នុងកិច្ចការពារជាតិ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ទន្ទឹមនឹងភារកិច្ចស្នូល កងយោធពលខេមរភូមិន្ទ បានរួមចំណែកយ៉ាងសកម្មអនុវត្តរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ បទល្មើសនេសាទ ការជួញដូរផ្លូវភេទ គ្រឿងញៀន រួមចំណែកក្នុងការជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា និងសហការបង្ការ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩។ លើសពីនេះ បានសហការជួយដល់គ្រួសារយោធិនពលី មរណៈ និវត្តន៍ជន ជនបាត់បង់សមត្ថភាពការងារ ជួយគ្រួសារយោធិនដែលជួបការលំបាក និងពង្រឹងការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព ជាមួយក្រសួងស្ថាប័នស៊ីវិលក្នុង គោលដៅកសាងពង្រឹងខឿនការពារជាតិឱ្យកាន់តែរឹងមាំ។ កងយោធពលខេមរភូមិន្ទបានចូលរួមអនុវត្តភារកិច្ចអន្តរជាតិលើ វិស័យមនុស្សធម៌ និងការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលជាមោទនភាពរបស់កងយោធពល ខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ ធ្វើឱ្យកិត្យានុភាពជាតិកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបន្តថា សមិទ្ធផលដ៏ធំធេងដែលយើងសម្រេចបានកន្លងមក គឺអាស្រ័យដោយការខិតខំប្រឹងប្រែងពុំខ្លាចនឿយហត់ និងការធ្វើពលិកម្មដ៏ថ្លៃថ្លារបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ព្រមទាំងស្មារតីទទួលខុសត្រូវខ្ពស់ពី មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តការងារជាក់ស្ដែងនៅតាមបណ្តាកងឯកភាព។ ក្នុងនាមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ ចំពោះគំរូវីរភាព និងស្នាដៃដ៏ធំធេងដែលកងយោធពលខេមរភូមិន្ទសម្រេចបាននាពេលកន្លងមក។
ក្នុងឱកាសនៃទិវាចូលឆ្នាំសកល គ្រិស្តសករាជ២០២២ លោកសូមបួងសួងចំពោះគុណព្រះរតនត្រ័យគុណកែវទាំងបី និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ សូមប្រកបដោយសុខភាពល្អបរិបូណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវ អាយុយឺនយូរ សម្រេចបានជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានផ្តាំផ្ញើសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង ពលទាហាន យុទ្ធជន យុទ្ធនារីទាំងអស់ ដែលកំពុងបំពេញភារកិច្ចជំនាញ និងកំពុងឈរជើងការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ព្រំដែនទឹក ដែនអាកាស និងសូមប្រសិទ្ធពរជូនពួកគាត់ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ដើម្បីសម្រេចបានជោគជ័យ ថ្មីៗថែមទៀតក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដែលជាទំនុកចិត្តរបស់ប្រជាជនយើងទាំងមូល។ លោកបានផ្តាំផ្ញើសួរសុខទុក្ខចំពោះគ្រួសារយោធិនពលី មរណៈ និងបានលំឱនកាយវាចាចិត្តគោរពវិញ្ញាណក្ខន្ធអ្នកទាំងនោះផងដែរ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានផ្ញើជូននូវការនឹករលឹក និងសួរសុខទុក្ខ ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលរបួស-ពិការ និងមានជំងឺកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងនៅតាមគេហដ្ឋាន សូមជូនពរអស់លោក លោកស្រី ឆាប់ជា សះស្បើយ ដើម្បីរួមរស់ក្នុងគ្រួសារប្រកបដោយសុភមង្គល។ ជាមួយនេះ សូមផ្ញើជូននូវការនឹករលឹកចំពោះអតីតយុទ្ធជន ជនពិការ បាត់បង់សមត្ថភាពការងារ និងនិវត្តន៍ជន ដែលកំពុងនៅតាមបណ្តាមូលដ្ឋានទូទាំងប្រទេស សូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនគ្រប់ប្រការ។
លោកសូមផ្ញើជូននូវការនឹករលឹក និងសូមផ្ដាំផ្ញើសួរសុខទុក្ខពីចម្ងាយជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ដែលកំពុងបំពេញបេសកកម្មអន្តរជាតិលើវិស័យមនុស្សធម៌និងការរក្សាសន្តិភាពក្នុងក្របខណ្ឌរបស់អង្គការសហ ប្រជាជាតិ សិក្ខាកាមកំពុងបន្តការសិក្សាជំនាញផ្សេងៗនៅឯបរទេស និងសូមជូនពរអស់លោក លោកស្រី មានសុខភាពល្អ កម្លាំងមាំមួន សម្រេចបាននូវបេសកកម្មអន្តរជាតិ និងទទួលបានជោគជ័យក្នុងការសិក្សាប្រកបដោយកិត្តិយស៕
សូមអានព័ត៌មានលម្អិតនៅក្នុងសារជូនពររបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន មានដូចខាងក្រោម៖
ដោយ៖ស តារា