ព័ត៌មានទាន់ហេតុការណ៍៖

តើកូវីដ-១៩ នៅតែជា«ស្រមោលអន្ទោលតាមប្រាណ»ក្នុងឆ្នាំ២០២២ទៀតឬ?

ចែករំលែក៖

អន្តរជាតិ៖ នៅក្នុងឆ្នាំ២០២២គឺជាឆ្នាំទីបីហើយដែលកូវីដ-១៩ វាយប្រហារនៅលើពិភពលោកយើងនេះ ហើយវីរុសនេះក៏បានវិវឌ្ឍខ្លួនបំប្លែងថ្មីរហូត។ អាចនិយាយបានថា ឆ្នាំ២០២០ ពិភពលោកបានរងការវាយប្រហារដោយកូវីដ-១៩មានប្រភពមកពីទីក្រុងវូហាន ប្រទេសចិនដែលផ្ទុះឡើងនៅចុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២១ ពិភពលោកបានរងការវាយប្រហារដោយកូវីដ-១៩ បំប្លែងថ្មីដែលតា មានប្រភពមកពីប្រទេសឥណ្ឌា។ ចំណែកនៅក្នុងឆ្នាំ២០២២ខាងមុខនេះពិភពលោក នឹងរងការវាយប្រហារដោយកូវីដ-១៩ បំប្លែងថ្មីមានប្រភពមកពីអាហ្វ្រិកវិញម្តងគឺ អូមីក្រុង។

អាចនិយាយបានថាឆ្នាំ២០២២ខាងមុខ កូវីដ-១៩នៅតែជាស្រមោលអន្ទោលតាមប្រាណ ដដែល។ មកទល់ពេលនេះអង្គការសុខភាពពិភពលោកនៅមិនទាន់មានព័ត៌មានច្បាស់លាស់ស្តីពីកម្រិតគ្រោះថ្នាក់នៃវីរុសបំប្លែងថ្មីអូមីក្រុងនៅឡើយទេ។ ទាំងនោះមានន័យថា ពិភពលោកឈានចូលឆ្នាំ២០២២ដោយក្តីបារម្ភពីការឆ្លងរាលដាលវីរុសកូវីដ-១៩បំប្លែងថ្មីជាទ្រង់ទ្រាយធំ។
បច្ចុប្បន្នវីរុសបំប្លែងថ្មីអូមីក្រុង បានឆ្លងរាលដាលយ៉ាងខ្លាំង ដោយបានឆ្លងដល់ប្រទេសនិងដែនដីចំនួន១១០ប្រទេសហើយ។ ចំណុចដែលចាប់អារម្មណ៍នោះគឺប្រទេសដែលមានសុវត្ថិភាពនាពេលកន្លងមក ដូចជាអាមេរិក អង់គ្លេស បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត តែពេលនេះប្រែក្លាយទៅជាតំបន់ដែលមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតនៅលើពិភពលោក។ ជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោលក្នុងឱកាសចូលឆ្នាំសកលដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
ជាមួយនឹងការឆ្លងរាលដាលកូវីដ-១៩ កើនឡើងនៅពេលនេះដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុង។ ដូច្នេះនៅក្នុងឆ្នាំ២០២២ ពិភពលោកអាចបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩បានដែរឬទេ? អង្គការសុខភាពពិភពលោក ក៏បានប្រកាសផងដែរថា បើទោះបីមានករណីឆ្លងច្រើន តែពេលនេះពិភពលោកមានឧបករណ៍គ្រប់គ្រាន់ដើម្បីយកឈ្នះកូវីដ-១៩ ក្នុងឆ្នាំ២០២២។ យើងមានទាំងវ៉ាក់សាំង មានទាំងថ្នាំគ្រាប់ព្យាបាល ដូច្នេះយើងអាចគ្រប់គ្រងបានក្នុងឆ្នាំ២០២២។
នៅក្នុងឆ្នាំ២០២១ គឺមានអ្នកស្លាប់ដោយកូវីដ-១៩ខ្ពស់បំផុត គឺច្រើន
ជាងឆ្នាំ២០២០ដល់ទៅ៣ដង។ ចំណែកឆ្នាំ២០២២ខាងមុខ ពិភពលោកសង្ឃឹមថា នឹងមិនមានអ្នកស្លាប់ច្រើនដូចឆ្នាំ២០២១នោះឡើយ ។
តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២០ទូទាំងពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ ចំនួន១.៩៤១.៦៣៧នាក់ ។ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ពិភពលោកមានអ្នកស្លាប់កើនឡើងដល់ទៅ ៥.៤២៥.៨៤០នាក់។ ដូច្នេះនៅក្នុងឆ្នាំ២០២១ ពិភពលោកមានករណីស្លាប់ដោយកូវីដ-១៩ មានរហូតដល់ទៅជាង ៣,៤លាននាក់៕

ដោយ៖ធីរីណា(រូបថត៖AP)

រូបថត៖TTXVN.VNA


ចែករំលែក៖