ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿង ក្រុមឧក្រិដ្ឋជន៩នាក់ ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជិត ៣៥០ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបញ្ជា លោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
សូមរំលឹកថា កាលពី វេលាម៉ោង ១៧ និង ៥៥នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង គ្រឿងញៀន(ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា នាយករងមន្ទីរគ្រឿងញៀន លោក វរ:សេនីយ៍ទោ ហុង សុវណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស សមត្ថកិច្ចគយ កំពង់ផែព្រះសីហនុ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាប។
ករណីនេះផ្ដើមចេញពីកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចចិន សមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧក្រឹដ្ឋជនពាក់ព័ន្ធ នៅឯប្រទេសចិនផងដែរ ក្នុងនោះកម្លាំងសមត្ថកិច្ច បើកកិច្ចប្រតិបត្តិការ នៅ២គោលដៅ ផ្សេងគ្នា (នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង នៅចំណុច ភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ រហូតឃាត់ខ្លួនជនសង្ស័យ ៩នាក់មាន ៖
១-ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)។
២-ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣
៣-ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩
៤-ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០
៥-ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩ ។
៦-ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥
៧-ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០
៨-ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២
៩-ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២
ក្នុងនោះសមត្ថកិច្ចចាប់យកវត្ថុតាង ដូចជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន(ICE)សរុបរួមទម្ងន់ ៣៤៧ គីឡូក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។រួមទាំងទ្រព្យសម្បត្តិ ដូចជា រថយន្ត ១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973 , ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946 , ទូរស័ព្ទដៃ ចំនួន ១០គ្រឿង , ប្រាក់ ៣០០ ដុល្លារអាមេរិក។
សូមបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន បានរៀបចំបញ្ជូនគ្រឿងញៀនពីបំពង់ដែកមកកាន់កម្ពុជា បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣” ។
បច្ចុប្បន្ន ក្រុមឧក្រិដ្ឋជនកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕
ដោយ ៖ រ៉ារ៉ា