ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូនិងម៉ូតូពន្លះគ្នាបណ្ដាលឲ្យរបួសធ្ងន់ទាំងសងខាង ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាតស្ទើរទាំងស្រុង

ចែករំលែក៖

ខេត្តក្រចេះ ៖ ម៉ូតូនិងម៉ូតូពន្លះគ្នាធ្វើឲ្យមនុស្សរងរបួសធ្ងន់ទាំងពីរនាក់ ខណៈបើកបរខ្វះការប្រុងប្រយ័ត្ន បញ្ច្រាសទិសគ្នាមិនគោរពច្បាប់ចរាចរណ៍ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងែទី២៩ ខែធ្នូ ឆ្នាំ២០២១  វេលាម៉ោង០២និង០២នាទី នៅចំណុចភូមិភ្នំខៀវ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ 

ប្រភពបានឲ្យដឹងថា: មុនកើតហេតុគេឃើញម៉ូតូទាំងពីរបោះពួយយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ បានបុកគ្នាពេញទំហឹងបណ្តាលឲ្យម៉ូតូ ខ្ទាតទៅម្ខាងមនុស្សទៅផ្សេងគ្នា សន្លប់ស្តូកស្តឹង ក្រោយកើតហេតុអ្នកជិតខាង បានជួយដឹកយកទៅសង្គ្រោះបន្ទាន់ ម្នាក់នៅមន្ទីរពេទ្យឯកជនភ្នំខៀវ និងម្នាក់ទៀតនៅឯមន្ទីពេទ្យខេត្ត ដោយសាររបួសធ្ងន់។ ក្រោយមកទើបឃើញនគរបាលប៉ុស្តិ៍រដ្ឋបាលអូគ្រៀងមកដល់ធ្វើការវាស់វែង  និងធ្វើកំណត់ហេតុ យកម៉ូតូទាំងពីរគ្រឿង មករក្សាទុកនៅប៉ុស្តី៍រដ្ឋបាលអូគ្រៀង ដើម្បីបន្តនីតិវិធីច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា: ជនរងគ្រោះទាំងពីរនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានបើកបរម៉ូតូម៉ាកវ៉េវអាល់ហ្វាដូចគ្នា អត់ស្លាកលេខដូចគ្នា អត់មួកសុវត្ថិភាពម្នាក់ បើកបរបញ្ច្រាសទិសគ្នា ពណ៌ខ្មៅបើកបរពីលិចទៅកើត ពណ៌ក្រហមបើកបរពីកើតទៅលិច ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ ៕

ដោយ៖មាស សុផាត


ចែករំលែក៖