ខេត្តសៀមរាប៖ អគ្គិភ័យមួយបានកើតមានកាលពីវេលាម៉ោង២និង៣០នាទីអធ្រាត្រថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប បណ្តាលឲ្យឆេះផ្ទះឈើមួយខ្នង ។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហាស់ សុវណ្ណ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ និងប្រពន្ធឈ្មោះ ហាស់ វិធាវី អាយុ៥៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះត្រូវម្ចាស់ផ្ទះប្រាប់សមត្ថកិច្ចថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី គ្រាដែលឮសំឡេងផ្ទុះនៅបារ៉ែតភ្លើងហើយក្លាយជាអណ្តាតភ្លើងឆេះពេញបន្ទុកតែម្តង។
លោកអធិការបន្តថា ករណីនេះបណ្តាលឲ្យឆេះផ្ទះឈើមួយខ្នង ដំបូលស័ង្កសីដែលមានទំហំ ៨,៧០ម៉ែត្រx១៣ម៉ែត្រ (ឆេះទាំងស្រុង) និង ឆាបឆេះទ្រព្យសម្បត្តិដូចជាៈ ម៉ូតូ០១គ្រឿង, ម៉ូទ័រ៦គ្រឿង, កង់កូនក្មេងចំនួន០១គ្រឿង, ទូទឹកកក០១គ្រឿង, ទូដាក់ខោអាវ ចំនួន០៣, តុចំនួន០៣, គ្រែឈើចំនួន ០៥, ខ្សែដៃប្លាកទីន០២ខ្សែ, ចិញ្ចៀន២វង់, ប្រាក់ដុល្លារ១.៥០០ដុល្លារ, ប្រាក់រៀលជាង ៤០០.០០០រៀល, ឯកសារមួយចំនួន(សៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ)។
សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគិភ័យទៅបាញ់ទឹកអស់ចំនួន៣ស៊ីទែន ក្នុងនោះមានរថយន្តស្នងការដ្ឋានខេត្តសៀមរាបចំនួន ០១គ្រឿង រថយន្តអាជ្ញាធរអប្សារាចំនួន២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។ ប៉ុន្តែមិនមានប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋទេ គ្រាន់តែបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះអស់យ៉ាងច្រើនប៉ុណ្ណោះ៕
ដោយ ៖ ប្រាថ្នា