ឥណ្ឌូនេសុី៖ នៅមុនពេលត្រៀមស្វាគមន៍ឆ្នាំថ្មី២០២២ រដ្ឋាភិបាលឥណ្ឌូនេសុី បានអនុម័តច្បាប់បម្រាមគោចរនៅទីតាំងមួយចំនួន ហើយហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាទទួលឆ្នាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង។
តាមការប្រកាសរបស់ស្នងការប៉ូលិសឥណ្ឌូនេស៊ីបានឱ្យដឹងថា រដ្ឋធានីចាការតា និងតំបន់ចំនួន១០ ផ្សេងទៀត នឹងត្រូវអនុវត្តបម្រាមគោចរចាប់ពីវេលាម៉ោង២២ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ។ ចរាចរណ៍នឹងត្រូវបានហាមឃាត់ឆ្លងកាត់តំបន់ខាងលើ ។
កម្លាំងប៉ូលិសទីក្រុងចាការតាបានបន្ថែមកម្លាំងជាង១ពាន់នាក់ ដើម្បីអនុវត្តបម្រាប់គោចរ ។ ចំណែកកម្លាំងប៉ូលិសចរាចរណ៍ក៏បានបន្ថែមកម្លាំង ២៥០០នាក់ដើម្បីសម្រួលចរាចរណ៍ ខណៈចំនួនពលរដ្ឋចេញពីទីក្រុង កើនឡើងរហូតដល់ទៅ១១%។
ក្នុងពេលជាមួយគ្នានេះដែរ កោះជ្វាខាងកើតក៏បានបិទទ្វាររមណីយដ្ឋានក្នុងយប់ឆ្លងឆ្នាំផងដែរ ។ អភិបាលកោះជ្វាខាងកើត លោក Khofifah Indar Parawansa បានបញ្ជាក់ថា ការបិទទ្វារគឺដើម្បីទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នា នៅតាមតំបន់កម្សាន្តនានាអាចប្រឈមនឹងហានិភ័យខ្ពស់ពីករណីឆ្លងកូវីដ- ១៩ ពិសេសគឺវីរុសបំប្លែងថ្មីអូមីក្រុង។
ក្រៅពីនេះមន្ត្រីរដ្ឋាភិបាលទីក្រុង Bogor ភាគខាងលិចកោះជ្វា ក៏បានបិទផ្លូវពីរខ្សែសំខាន់ៗចេញចូលក្នុងទីក្រុងBogorដែរ ។ ទីក្រុងនេះក៏បានសម្រេចផ្អាករាល់សកម្មភាពប្រមូលផ្តុំគ្នាទទួលឆ្នាំថ្មីផងដែរ ។
ក្រៅពីនេះនៅខេត្តក្រុងជាច្រើនក្នុងប្រទេសឥណ្ឌូនេស៊ីបានសម្រេចបិទទ្វារក្នុងយប់ឆ្លងឆ្នាំដើម្បីបញ្ចៀសការជួបជុំគ្នាទ្រង់ទ្រាយធំអាចឆ្លងវីរុសកូវីដ-១៩ កើនឡើង។ បច្ចុប្បន្ន ឥណ្ឌូនេស៊ីមានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង សរុប ៦៨នាក់ហើយទូទាំងប្រទេស៕ ដោយ៖ធីរីណា
រូបថត៖Bogor.AyoIndonesia