ប្រទេសចិន៖ ពលរដ្ឋរាប់សិបពាន់នាក់នៅក្នុងទីក្រុងស៊ីអាន (Xi’an) បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ដោយសារតែស្បៀងអាហារដាច់ស្តុក មិនអាចទិញស្បៀងអាហារបាន។ ទីក្រុងនេះបានបិទទ្វារឈានចូលថ្ងៃទី៨ហើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ពលរដ្ឋ១៣លាននាក់នៅក្នុងទីក្រុងស៊ីអាន មិនអនុញ្ញាតឱ្យចេញពីផ្ទះនោះឡើយ ហើយសកម្មភាពនៅខាងក្រៅក៏ត្រូវបានហាមប្រាម រួមទាំងហាងលក់ទំនិញ គ្រឿងទេសផងដែរ។ ទាំងនោះហើយបានធ្វើឱ្យគ្រួសារជាច្រើនមិនមានស្បៀងអាហារគ្រប់គ្រាន់។
នៅលើបណ្តាញសង្គម Weibo ពលរដ្ឋនៅក្នុងទីក្រុង ស៊ីអានជាច្រើនបានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងពីកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដោយរកទិញមិនបាន។
នៅលើបណ្តាញសង្គម Weibo ពលរដ្ឋមួយរូបដែលមានរហស្សនាមថា Skinny បានឱ្យដឹងថា«នេះជារឿងគួរឱ្យអស់សំណើច ខ្ញុំមិនដែលនឹកគិតថាមានថ្ងៃនេះដែរ ខ្ញុំដេកមិនបានដោយសារតែមិនមានអ្វីញុាំ»។
នៅថ្ងៃទី ២៩ខែធ្នូ នាយករងការិយាល័យពាណិជ្ជកម្មក្រុង Xi’an លោក Chen Jianfeng បានពន្យល់ថា មូលហេតុចម្បងនៃកង្វះអាហារគឺកង្វះបុគ្គលិកដឹកជញ្ជូន។ រដ្ឋាភិបាលទីក្រុង Xi’an ក៏បានសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីធានាការផ្គត់ផ្គង់សម្ភារចាំបាច់ឱ្យបានទាន់ពេលវេលា។ នៅថ្ងៃទី ២៩ខែធ្នូ ក្នុងទីក្រុងស៊ីអាន មានករណីឆ្លងកូវីដ-១៩ ចំនួន១៥៦នាក់ ធ្វើឲ្យចំនួនករណីឆ្លងកូវីដ-១៩ ក្នុងទីក្រុងនេះកើនឡើងដល់ទៅ១.១១៧នាក់ហើយ៕
ដោយ៖ធីរីណា(រូបថត៖Reuters )