ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាក mazda បត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវបានរថយន្តToyota Prius មកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកពីចំហៀងបណ្ដាលឱ្យរងការខូចខាតកាលពីវេលាម៉ោង១០ និង ២០នាទីយប់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខផ្សារទំនើប រតន:ផ្លាហ្សា តាមបណ្ដោយផ្លូវណតប្រ៊ីតស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក mazda មួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BA-7379 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយវិញ ខណ:នោះក៏មានរថយន្តព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BF-5469បើកបរដោយនារីម្នាក់ធ្វើដំណើរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងខាងឆ្វេងរថយន្ត mazda ពេញទំហឹង បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតរៀងៗខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង។ បន្ទាប់មកខាងរថយន្ត mazda បានឱ្យសំណងទៅរថយន្តព្រូសចំនួន១០០ដុល្លារ តែខាងរថយន្តព្រូសមិនព្រមទើបប្រគល់ឱ្យសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ