ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិប្រស្រែ និងដីល្ពាច នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ បើយោងតាមប្រភពពី ៖ អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិប្រស្រែ និងដីល្ពាច នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម លោកមានប្រសាសន៍ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខាមាភាពប្រជាជន ដែលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងក្នុងការបង្កើតភាពស៉ុំាក្នុងសហគមន៍ ដែលដល់ពេលនេះបានចាក់ដល់ដូសទី៣ ជាដូសជំរុញ និងបានប្រកាសបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ តែការអនុវត្តវិធានការ ៣កុំ ៣ការពារ នៅតែបន្ត កុំប្រហែសខ្លួនឱ្យសោះ។ ចំពោះជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុងមានអត្រាឆ្លងលឿនជាងជំងឺកូវីដដែលតា ដូច្នេះសូមបងប្អូនសម្របខ្លួនរស់នៅតាមបែបគន្លងថ្មី និងបន្តការប្រកបមុខរបរប្រចាំថ្ងៃជាធម្មតា។

លោកបានមានប្រសាសន៍បន្តថា ការអភិវឌ្ឍន៍ឃុំត្រូវមានការចូលរួមចំណែកជាចាំបាច់ពីបងប្អូនទាំងអស់គ្នា ដោយខានមិនបាន ហើយការអភិវឌ្ឍន៍កន្លែងខ្លះជាអាទិភាពមុន តែជាទូទៅការអភិវឌ្ឍន៍មានជាបន្តបន្ទាប់ទូទាំងឃុំ។ ការរស់នៅមានសេចក្តីសុខក្នុងមូលដ្ឋាន ក្លាយជាមហាគ្រួសារមួយ ផ្តើមចេញពីការធ្វើអំពើល្អដាក់គ្នា ចេះយកអាសារគ្នា ចេះឈឺឆ្អាលគ្នា ចេះយោគយល់ និងចេះសាមគ្គីគ្នា។

ទន្ទឹមនឹងនេះ ការចូលរួមរាយការណ៍ហេតុការណ៍នានាពាក់ព័ន្ធសុវត្ថិភាព សន្តិសុខ ទៅអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ទាន់ពេលវេលា ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ហើយការចាត់វិធានការរដ្ឋបាលត្រូវធ្វើឡើងចំពោះការញុះញង់ទាំងឡាយណាដែលបង្កអសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខុសច្បាប់។

ចុងក្រោយ លោកបានជូនពរបងប្អូនក្នុងឱកាសចូលឆ្នាំថ្មី ចូលឆ្នាំសកល២០២២ សូមទទួលបានសុខភាពល្អ អាយុយឺនយូរ ទទួលទានរកស៊ីមានបាន និងពុទ្ធពរទាំង៤ប្រការ។ក្នុងឱកាសនោះប្រជាពលរដ្ឋបានលើកឡើងមានសំណូមពរ ស្នើសុំដីចាក់ផ្លូវដែលខូច និងបានផ្តល់ជូនតាមសំណើសុំផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖