ខេត្តកណ្ដាល ៖ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតពេលកំពុងជិះម៉ូតូល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានដួលដោយខ្លួនឯងបណ្ដាលឲ្យបោកទៅនឹងផ្លូវស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លោកឡេង សុខរុន អធិការនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កៀន វណ្ណា អាយុ៤២ឆ្នាំ មុខរបរនគរបាលមានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀតនៃអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង មានទីលំនៅសព្វថ្ងៃរស់នៅភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នុំពេញ។
លោកអធិការបន្តថា នៅយប់កើតហេតុ ជនរងគ្រោះបានជិះម៉ូតូធ្វើការចុះល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រងដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ពេលជិះមកដល់ចំណុចកើតហេតុក៏បានដួលម៉ូតូបោកទៅនឹងផ្លូវ ដោយជនរងគ្រោះមានជំងឺលើសឈាម និងដួលប៉ះចំផ្លោកនោមជាមួយនឹងដៃចង្កូតម៉ូតូ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតែម្ដង ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារប្រារព្ធធ្វើបុណ្យទៅតាមប្រពៃណី នៅគេហដ្ឋាននៃសព៕
ដោយ៖ស្អាងជ័យ