ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់សារព័ត៌មាន ថាកាលពីម៉ោង ប្រមាណ១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានករណីបំផ្ទុះគ្រាប់បែកច្នៃដែលគ្រាន់តែធ្វើឱ្យឮសំឡេងពីរគ្រាប់ ដែលមានចំងាយជាង១០០ម៉ែត្រពីស្ថានទូតខ្មែរនៅទីក្រុង យ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។
លោកថ្លែងថា : បច្ចុប្បន្នអាជ្ញាធរមីយ៉ាន់ម៉ាកំពុងរឹតបន្តឹងសន្តិ សុខនៅតំបន់នោះ និងជុំវិញស្ថានទូតខ្មែរផងដែរ។
ករណីបំផ្ទុះគ្រាប់បែកច្នៃនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនគម្រោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយមេដឹកនាំយោធាមីយ៉ាន់ម៉ា មីន អុង ឡាំង។
លោក កុយ គួង បញ្ជាក់ថា គម្រោងទស្សនកិច្ចរបស់ សម្ដេចតេជោទៅមីយ៉ាន់ម៉ារហូតមកដល់ពេលនេះគឺនៅ ដដែលមិនមានអ្វីប្រែប្រួលនោះទេ។
លោកថា៖ «ជាការពិតអ្វីដែលជាបារម្ភគឺប្រទេសម្ចាស់ផ្ទះ នោះទេដែលត្រូវបារម្ភ ធ្វើយ៉ាងមិចឱ្យសុវត្ថិភាពដល់ ភ្ញៀវ។ ហើយចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ រហូតមកដល់ពេលនេះអត់មានអ្វីប្រែប្រួលនោះទេ» ។
តាមគម្រោងសម្តេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរ ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែ មករា ឆ្នាំ២០២២ខាងមុខ ដោយថាដើម្បីជួយស្វែងរក ដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិក អាស៊ាននេះចូលក្នុងអាស៊ានវិញ។
ការធ្វើទស្សនកិច្ច និងបំណងរបស់កម្ពុជាក្នុងការស្វែងរក ដំណោះស្រាយដល់មីយ៉ាន់ម៉ានេះ ត្រូវបានប្រេសិត ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ច ការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer គាំទ្រនិង បង្ហាញពីបំណងសហការជាមួយកម្ពុជាដើម្បីស្វែងរក ដំណោះស្រាយតាមសន្តិវិធីចំពោះវិបត្តិនៅក្នុង ប្រទេសមីយ៉ាន់ម៉ាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានមានប្រសាសន៍លើកឡើងថា, ការទុកឱ្យប្រទេសមីយ៉ាន់ម៉ានៅក្រៅអាស៊ានមិនត្រឹមតែ ធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអាស៊ានដែលធ្វើឱ្យប៉ះពាល់ ដល់ស្មារតីអាស៊ាន ប៉ុណ្ណោះទេ ថែមទាំង កំពុងរុញមីយ៉ានម៉ាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែនថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករ នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើអ្នកដែលរិះគន់ លើការទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់ សម្ដេចតេជោនៅដើមខែមករាខាងមុខថា ជាអ្នក នយោបាយដែលក្មេងខ្ចីមិនដឹងពីស្ថានភាពដែលអាចកើត ឡើងនាពេលខាងមុខ និងបានផ្តាំទៅវិញឱ្យមើលពីទំនាក់ ទំនងរវាងប្រទេសពួកគេជាមួយមីយ៉ាន់ម៉ាវិញជាជាង ត្រឹមតែរិះគន់សម្តេចលើដំណើរទស្សនកិច្ចនេះ។ អ្នកទាំង នោះមានអតីតរដ្ឋមន្ត្រីការបរទេសថៃលោក កាស៊ីត ភារម្យ និងតំណាងរាស្រ្តម៉ាឡេស៊ីម្នាក់។
សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «មុននឹងអ្នកឯងសួរខ្ញុំ ចង្អុលមុខខ្ញុំ អ្នកឯងត្រូវសួរខ្លួនឯងថា អ្នកឯងធ្វើអី បើអ្នកឯងហ៊ាន ផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាទើបអ្នកឯងចិត្តសឿង ប៉ុន្ត ប្រទេសនៅលើលោកីយ៍នេះ អត់ទាន់មានប្រទេស ណាមួយផ្តាច់ទូតចេញពីប្រទេសមីយ៉ាន់ម៉ាទេ! ហេតុអ្វី បានហ៊ុន សែន មិនអាចទៅមីយ៉ាន់ម៉ាបាន ខ្ញុំមានទូតនៅ ហ្នឹង ហើយមីយ៉ាន់ម៉ាមានទូតនៅភ្នំពេញ អញ្ចឹងដំណើរ របស់ខ្ញុំទៅមីយ៉ាន់ម៉ា អត់មានអីខុស ជាទម្លាប់ ការទូតធម្មតាហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជា ដៃគូក្នុងអាស៊ាន» ។
សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងបន្ថែមទៀតផងដែរថា ដរាបណាអាស៊ាន មានតែ៩ប្រទេសគឺមានន័យថា «អាស៊ានមិនគ្រប់ទឹក» និងជាអាស៊ានដែលបរាជ័យ ធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុង សង្គ្រាមស៊ីវិល។
សម្ដេចតេជោ បញ្ជាក់ថានៅពេលសម្ដេចទៅធ្វើទស្សនកិច្ច នៅមីយ៉ាន់ម៉ាសម្ដេចនឹងទៅក្នុងនាមជានាយករដ្ឋមន្ត្រី កម្ពុជាផង និងជាប្រធានអាស៊ានផង និងប្រើប្រាស់ យន្តហោះពិសេសបិទទង់ជាតិកម្ពុជាធ្វើដំណើរទៅថែម ទៀត។ សម្តេចបានផ្តាំទៅពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន ដែលបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចនេះ កុំឱ្យធ្វើការសន្និដ្ឋានទុកពេលឱ្យសម្ដេចធ្វើការសិន។
សម្តេចតេជោ ហ៊ុន សែន ថា៖ «អ្នកដែលប្រឆាំងខ្ញុំ ជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជា
មានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្តែអ្នកឯងនឹងទទួលផល ប្រយោជន៍នៅពេលក្រោយអំពីការស្តារឡើងវិញ ការវិលត្រលប់នៃសន្តិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹង ទទួលផលប្រយោជន៍» ៕
ដោយ៖ សិលា