ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ, ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ២០២១៖ (១).ឯកឧត្តមXi Jinpingអគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផ្ញើសារលិខិតអបអរសាទរជូនដល់សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, នាថ្ងៃទី២៨ខែមិថុនា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្ញើសារលិខិតអបអរសាទរដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ក្នុងខ្លឹមសារ លោកបានតាំងនាមឱ្យគណបក្សកុម្មុយនិស្តចិននិងក្នុងនាមឯកឧត្តមផ្ទាល់ ចូលរួមសម្តែងអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។ លោកបានចង្អុលបង្ហាញថា រយៈពេលយូរមកនេះ គណបក្សប្រជាជនកម្ពុជាបានរួបរួមដឹកនាំប្រជាជនកម្ពុជាចូលរួមកិច្ចកសាងនិងអភិវឌ្ឍប្រទេសជាតិ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ភាគីចិនបន្តគាំទ្រជាមួយភាគីកម្ពុជាក្នុងការធ្វើដំណើរឆ្ពោះទៅកាន់មាគ៌ាអភិវឌ្ឍន៍ដែលសមស្របជាមួយនឹងស្ថានភាពប្រទេសជាតិរបស់ខ្លួន។
ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជា គឺជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍន៍ក្នុងកម្រិតខ្ពស់រយៈពេលវែង។ ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺវីរុសកូវីដ-១៩មក ចិននិងកម្ពុជារួមសុខទុក្ខជាមួយគ្នា ជួយគ្នាទៅវិញទៅមក បានយកសកម្មភាពជាក់ស្តែងមកបង្ហាញពីចំណងមិត្តភាពដែលមិនអាចបំបែកបាន និងបានបង្ហាញពីដំណើរវិវឌ្ឍន៍ឥតឈប់ឈរជាប្រវត្តិសាស្រ្ត។ គណបក្សកុម្មុយនិស្តចិនយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការចំណងមិត្តភាពជាមួយគណបក្សប្រជាជនកម្ពុជា ឯកឧត្តមរីករាយបន្តសហការជាមួយសម្តេចតេជោ បង្កើនការដឹកនាំនយោបាយចំពោះទំនាក់ទំនងរវាងគណបក្សទាំងពីរក៏ដូចជាប្រទេសទាំងពីរ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៃបក្សនិងកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើបណ្ដាវិស័យផ្សេងទៀតឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់ប្រទេសនិងប្រជាជនទាំងពីរ៕
ដោយ៖ សុខ ខេមរា