ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងឆ្នាំ២០២១មិនទាន់ផុតផងធ្វើឲ្យយុវជនម្នាក់ស្លាប់ខណ:រថយន្ត(V1) មួយគ្រឿងដឹកដំឡូងបើកបុកម៉ូតូពេញទំហឹង ជាប់ក្រោមរថយន្តអូសជាច្រើនម៉ែត្រក្នុងស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ រថយន្ត(V1)មួយគ្រឿងបើកបរបញ្ច្រាសទិសគ្នា ខ្វះការប្រុងប្រយ័ត្នបានទៅបុកម៉ូតូមួយគ្រឿងពេញទំហឹងគាបជាប់ម៉ូតូនៅពីក្រោមរថយន្តអូសជាច្រើនម៉ែត្របណ្ដាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨ៈ៣០នាទីក្បាលព្រលប់ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងទី៣១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤៧០-៤៧១ លើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតនៅភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តវេអងម៉ាក់ហ៉ីយ៉ាន់ដាយពណ៌ទឹកប៊ិក ពាក់ស្លាកលេខកំពង់ចាម3A-5949  ចំណែកកន្ទុយរុឺម៉កពាក់ស្លាកលេខកំពង់ចាម 4A-2814 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានវាក់ជាមួយម៉ូតូមួយគ្រឿងម៉ាកវីណើពណ៌ក្រហម អត់ស្លាកលេខ បើកបរបញ្រ្ចាសទិសដៅគ្នា ហើយក៏បុកម៉ូតូនេះពេញទំហឹងបណ្ដាលឱ្យយុវជនម្នាក់ស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ។ 

សមត្ថកិច្ចបញ្ចាក់ទៀតថា យុវជនដែលស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានឈ្មោះវ៉ាន់ សិត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ 

ចំណែកអ្នកបើកបររថយន្តមិនបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុជននោះបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល។ ចំណែកម៉ូតូជនរងគ្រោះរងការខូចខាតទាំងស្រុង ហើយរថយន្តរងការខូចខាតផ្នែកក្បាលខាងមុខអស់មួយចំហៀង។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុធ្វើការវាស់វែង បាញ់គំនូសថ្នាំកំណត់សញ្ញា រួចបានយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។

ចំណែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីកត្តាបើកបរមិនប្រកាន់ស្ដាំ រំលោភអាទិភាពនិងខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ ចំណែកអ្នកបើកបរម៉ូតូមិនបានពាក់មួកសុវត្ថិភាព៕

ដោយ៖មាស សុផាត


ចែករំលែក៖