ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដ​ធុនធំ​ចំនួន​ ២គ្រឿង​ពន្លះគ្នានៅលើកំណាត់ផ្លូវជាតិលេខ៤​ បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ម្នាក់​របួស​ធ្ងន់​​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកេីតឡេីង​ រវាងរថយន្ដ​ធុនធំ​ចំនួន​ ២គ្រឿង​ បានបេីកបុកគ្នាទាំងព្រឹក​ នៅលើកំណាត់ផ្លូវជាតិលេខ៤​ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម្នាក់​ស្លាប់​ និង​ម្នាក់​របួស​ធ្ងន់​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​មន្រ្តីកងអាវុធហត្ថស្រុកព្រៃនប់​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០១​ ខែមករា​ ឆ្នាំ​២០២២។ 

ប្រភពដដែលបន្តថា​​ ករណីគ្រោះថ្នាក់ចរាចរណ៍​នេះ​ បានកេីតឡេីង​នៅវេលាម៉ោង ០៦​ និង៤០នាទីព្រឹក​នៅថ្ងៃទី០១​ ខែមករា​ ឆ្នាំ​២០២២ ស្ថិតនៅចំណុចលើស្ពានទឹកសាប ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ បង្កឡើងដោយរថយន្ត ០១ គ្រឿងម៉ាក DAEWOO (រថយន្ដដឹកសម្រាម) ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ អ្នកបើកបរឈ្មោះ ឈាត ឈឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ដដឹកសំរាម មានទីលំនៅភូមិខ្ចារ ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាម ។

លុះមកដល់ចំណុចខាងលើរថយន្ដបានរេចង្កូត មកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ ០១ គ្រឿងម៉ាក HYUNDAI ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ ៣A-៥៩៧៨ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខតែម្ដង ។ 

ប្រភពដដែលបន្តថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឱ្យមានមនុស្សម្នាក់ឈ្មោះ ឈាត ឈឿន ភេទប្រុស  អ្នកបើកបររថយន្ដម៉ាក DEVO ស្លាប់នៅនិងកន្លែងកើតហេតុ​ និងម្នាក់ទៀតអ្នកបើកបររថយន្ដម៉ាក HYUNDAI រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។ 

បច្ចុប្បន្ន សាកសពកំពុងតែស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

ដោយ​៖សហការី​


ចែករំលែក៖