ព័ត៌មានទាន់ហេតុការណ៍៖

ក្បួន​រទេះក្របី គោយន្ត​កន្ត្រៃ រថយន្តច្នៃ ដឹកឈើដូច​ហែ​កឋិនមន្រ្តីជំនាញតូចតាចមិនហ៊ានចាប់ព្រោះខ្លាច​ឈ្មួញ​ប្ដឹង ឬ​មេបន្ទោស?

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ប្រភពព័ត៌មាន​ពី​ពលរដ្ឋ និង​អ្នករកស៊ី​ឈើ បានឲ្យដឹង នៅ​ថ្ងៃទី​៣១ខែធ្នូ ឆ្នាំ​២០២១ នេះថា អ្នករកស៊ី​ឈើ​មួយក្រុមមិនដឹងជាអាងទឹកលុយឬអាងបក្ខពួកយ៉ាងណានោះទេបានជា “​ប្រកាស​” ជូនដំណឹង​ជាចំហរសុំ​ផ្លូវ​ដឹកឈើដោយសុំកុំរំខានពីសមត្ថកិច្ច ឬអ្នកកាសែតដោយអះអាងថា ខ្លួនបាន​បង់លុយឲ្យមន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ដែល​គ្រប់គ្រង នៅ​តំបន់ ឬ​គោលដៅ​ទទួលខុសត្រូវ ឆ្លងកាត់ នោះ​រួចស្រេច​បាច់ ជាមុន​ហើយ ទើប​ហ៊ាន​ដឹក​ចេញ​។​

 ការប្រកាសក្តែងៗមិនខ្លាចរអារនេះហើយទើបគេឃើញមានក្បួន​រទេះក្របី គោ គោយន្ត​កន្ត្រៃ រថយន្ត​ច្នៃចូលដឹកឈើ នៅចំណុចព្រៃសហគមន៍ក្នុងស្រុកសន្ទុកដូច​ហែ​កឋិន ។

ចំពោះបទល្មើស​ដឹកជញ្ជូន​ឈើឈើមូលគគ្រឹកគគ្រេងយ៉ាងនេះត្រូវបាន មន្ដ្រី​ជំនាញតូចតាច បង្ហើប​តប​ថា ពួកគាត់បានឃើញ​ដែរ តែ​មិន​ហ៊ាន​មើលនិងមិនហ៊ានបង្រ្កាបឬបកស្រាយ​ដូចម្តេច​ឡើយ ព្រោះ​ខ្លាច​ឈ្មួញ​ប្ដឹងទៅមេធំៗភ្ជាប់​ទៅ​រឿង​មិន​ប្រក្រតី ដែល​នឹង​នាំទុក្ខ​ដាក់ខ្លួន​ឬមេស្តីបន្ទោសទៅវិញទេ។​

  មន្រ្តីជំនាញតូចតាចទាំងនោះបានលើកឧទាហរណ៍​ជាក់ស្ដែង ថា នៅ​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ មាន​រទេះក្របី ចំនួន ប្រាំពីរ​គ្រឿង ដឹកឈើ​មូល ចេញពី​ព្រៃ​សហគមន៍​ទំអរ ឆ្លងកាត់​តាម​ច្រក​អើយ​បាន នៅ​យ៉ាង​ស្រួល ដ្បិត​មាន​អ្នក​រត់ការ ជិះ​ម៉ូតូ​ពីមុខ​ក្បួន​។ ពោលគឺ បាន​ដឹកជញ្ជូន​ឈើ ឆ្លងកាត់ ភូមិសាស្ត្រ ទឹកដី​ស្រុក​សន្ទុក ក្រោម​ដែន​ការគ្រប់គ្រង របស់លោក មុំ សុផល នាយផ្នែក​រដ្ន​បាល​ព្រៃឈើ កំពង់ថ្ម និង​ដែលជា​ថ្នាក់លើ​នៃ បី សង្កាត់រដ្ឋបាល​ព្រៃឈើ គឺ​សង្កាត់​ក្រយា សង្កាត់​តាំងក្រសាំង និងសង្កាត់​បារាយណ៍​។

​ពាក់ព័ន្ធ​នឹង​ការដឹក​ជ​ញ្ចូ​ន​អនុផល ព្រៃឈើ ខាងលើនេះ ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការទំនាក់ទំនង​បំភ្លឺ​ពី លោក មុំ សុផល នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ថ្មបានទេ កាលពីថ្ងៃទី​៣១ ខែធ្នូ ។​

​ប៉ុន្តែ​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំវិញ បានត្រឹមនិយាយយ៉ាងខ្លីថា​  លោក​នឹងឲ្យមន្ដ្រី​របស់លោក ចុះ​ស្រាវជ្រាវ​មើល ថា​តើ​បានឃើញ ឬ​មាន​ករណី​ដឹកឈើ មែនឬ​អត់​ទេ​? ការនិយាយបែបយករួចខ្លួនយ៉ាងនេះបានន័យថា “ចប់”ហើយ លោកប្រធានអើយ៕

ដោយ៖ ប្រាថ្នា


ចែករំលែក៖