ឥណ្ឌា៖ យ៉ាងហោចណាស់ក៏មានមនុស្ស១២នាក់ស្លាប់និង១៣នាក់រងរបួស ក្នុងហេតុការណ៍ប្រជ្រៀតជាន់លើគ្នានៅក្នុងព្រះវិហារមួយនៃប្រទេសឥណ្ឌា នារំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមករាឆ្នាំ២០២២។
សារព័ត៌មាន NDTV បានផ្សាយថា ករណីប្រជ្រៀតជាន់លើគ្នាកើតឡើងនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ខែមករា នៅព្រះវិហារ Mata Vaishno Devi (Kashmir) ដែលជាព្រះវិហារដ៏ល្បីមួយនៅប្រទេសឥណ្ឌា។ មូលហេតុបណ្តាលឲ្យមានហេតុការណ៍ខាងលើកើតឡើងគឺដោយសារតែមានមនុស្សជាច្រើនទៅកាន់ព្រះវិហារនោះ។
មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស១២នាក់ស្លាប់ និង១៣នាក់រងរបួស ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងដោយសារតែផ្លូវឡើងទៅកាន់ព្រះវិហារមានមនុស្សច្រើនប្រជ្រៀតគ្នា។ រថយន្តជួយសង្គ្រោះជាច្រើនបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ។
ប្រធានាធិបតីឥណ្ឌា លោក Rashtrapati Bhavan និងនាយករដ្ឋមន្ត្រី Narendra Modi បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ។ នាយករដ្ឋមន្ត្រី លោក Modi បានបង្ហោះនៅលើបណ្តាញសង្គម Twitter ថា «សូមបួងសួងឱ្យមនុស្សដែលរងរបួសឆាប់បានជាសះស្បើយ»។
កាលពីខែតុលាឆ្នាំ២០១៦ ក៏មានមនុស្ស២៤នាក់ស្លាប់ដោយសារប្រជ្រៀតជាន់លើគ្នាដែរ នៅក្នុងពិធីបុណ្យសាសនាហិណ្ឌូ ក្នុងព្រះវិហារមួយនៅជាយក្រុង Varanasi រដ្ឋ Tuttar Pradesh ។ ចំណែកនៅខែតុលាឆ្នាំ២០១៣ មានករណីប្រជ្រៀតជាន់លើគ្នានៅរដ្ឋ Madhya Pradesh បណ្តាលឱ្យមនុស្ស ១១០ នាក់ស្លាប់ ភាគច្រើនជាបុរសនិងកុមារ ៕ ដោយ៖ធីរីណា
រូបថត៖Inquirer
រូបថត៖India.com
ប្រភពរូបថត៖Zing news