ភ្នំពេញ ៖ នៅថ្ងៃទី១ខែមករា ដំណឹងល្អពីរសម្រាប់ពាណិជ្ជកម្មរវាងចិននិងកម្ពុជា! “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា” និង “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) បានចូលជាធរមានក្នុងថ្ងៃតែមួយ។ ឆ្នាំប្រមូលផល២០២២បានចាប់ផ្តើមចេញដំណើរជាផ្លូវការហើយ! នេះបើយោងតាមផេកផ្លូវការ របស់ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២២។សូមបញ្ជាក់ថា, គិតត្រឹមខែតុលាឆ្នាំ២០២១នេះ ចំនួនទឹកប្រាក់វិនិយោគរបស់ចិនក្នុងប្រទេសកម្ពុជាមានចំនួន២៧.២ពាន់លានដុល្លារអាមេរិក បានបន្តរក្សាជាប្រទេសប្រភពវិនិយោគធំជាងគេក្នុងប្រទេសកម្ពុជា។
សូមជម្រាបជូនថា, ទំហំពាណិជ្ជកម្មទ្វេភាគីចិននិងកម្ពុជាមានចំនួនលើសពី១ម៉ឺនលានដុល្លារអាមេរិក។
កាលពីថ្ងៃទី១៧ខែធ្នូ យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិនបានបង្ហាញថា រយៈពេល១០ខែនាឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានចំនួនឈានដល់១០៩៨០លានដុល្លារអាមេរិក មានកំណើន៤៥.៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ គឺជាតួលេខលើសពីចំនួនដែលថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីមុនបានប្តេជ្ញាថានឹងឈានដល់កម្រិត១ម៉ឺនលានដុល្លារអាមេរិកនៅឆ្នាំ២០២៣៕
ដោយ៖សុខ ខេមរា