ខេត្តកំពង់ចាម ៖ ជនសង្ស័យ ៣ នាក់ ត្រូវបានឃាត់ខ្លួនរួមនិងវត្ថុតាងមួយចំនួន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញាតិពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុស÷
១.ឈ្មោះ គង់ គីម ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៥កញ្ចប់ ។
លោកឧត្តមសេនីយ៍ស្នងការ បានអោយដឹងថា ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត÷
២.ឈ្មោះ ប្រាក់ សុភាព ហៅ វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិតាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៣.ឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ករណីនេះដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងឧបករណ៍សម្រាប់ថ្នាំញៀនចំនួន ០១សម្រាប់ ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងចងក្រងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ ៕
ដោយ ៖ វណ្ណៈ