ខេត្តតាកែវ ៖ យុវជនម្នាក់បានជិះម៉ូតូដួលខ្លួនឯងបោកក្បាលស្លាប់ភ្លាមៗតែម្នាក់ឯងនៅនឹងកន្លែងកើតហេតុ ខណៈដែលយុវជនរូបនេះបើកម៉ូតូលឿនពេក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣៥នាទី យប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវខេត្តលេខ ១២២B ក្នុងភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូដួលខ្លួនឯងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដោយជិះម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1AC-6113 បើកមកពីទិសខាងជើងទៅទិសខាងត្បូង។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ឹម សុភ័ក្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
មូលហេតុបណ្ដាលមកពីជនរងគ្រោះបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព។
បច្ចុប្បន្នសមត្ថកិច្ចបានស្វែងរកក្រុមគ្រួសារជនរងគ្រោះដើម្បីប្រគល់សពឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស សម