ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃចន្ទទី០៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា៖ ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏ល្បីល្បាញមួយរបស់កម្ពុជា ក្នុងនោះតំបន់ភ្នំ៥៣ នៃស្រុកភ្នំព្រឹក ក៏ជារមណីយដ្ឋានដ៏ទាក់ទាញមួយមិនចាញ់តំបន់ទេសចរណ៍ដទៃដែរ។
ដើម្បីបានទៅដល់រមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរឡើងតាមជ្រលងភ្នំសន្សឹមៗ ចូលទៅកាន់វិមានគិរីដ៏ខ្ពស់ស្កឹមស្កៃ អមដោយចម្ការដំណាំច្រើនដេរដាសនៅសងខាងផ្លូវ។ មិនយូរប៉ុន្មាន យើងនឹងបានទៅដល់ទីចុងបំផុតនៃតំបន់ភ្នំ៥៣ ដែលជាទីគយគន់ទេសភាពដ៏ស្រស់ត្រកាល។
សម្លឹងពីលើភ្នំ ភ្ញៀវទេសចរយើងនឹងបានឃើញធម្មជាតិបៃតងលើផែនពសុធា លាយឡំស្រទាប់ពពកតូចធំអណ្ដែតលើផ្ទៃអាកាស។ បន្ទាប់មក យើងក៏អាចចុះតាមជណ្ដើរទៅកាន់កន្លែងទឹកធ្លាក់មួយ ដែលគេហៅឈ្មោះថា ទឹកធ្លាក់ភ្នំ៥៣។
លើសពីនេះទៀត ភ្ញៀវទេសចរក៏អាចទៅទស្សនាល្អាងភ្នំមួយដែលមានជម្រៅប្រមាណ ៧០ ម៉ែត្រចុះទៅក្រោម ខណៈម្ចាស់រមណីយដ្ឋានបានប្រាប់ថា ទីនោះជាកន្លែងសមាធិរបស់លោកយាយលោកតាអ្នកកាន់សីល ហើយភ្ញៀវទេសចរយើងក៏អាចឈៀងចូលទៅមើលបានដែរ។
ដោយឡែកបើតាមមន្ត្រីយោធាដែលប្រចាំការការពារព្រំដែននៅទីនោះ បានឱ្យដឹងថា ភ្នំ៥៣នេះ គឺធ្លាប់ជាតំបន់យុទ្ធសាស្ត្ររបស់កងទ័ពខ្មែរក្រហម ដែលហៅឈ្មោះ ៥៣ ជាពាក្យសម្គាល់និងសម្ងាតរបស់ពួកគេ ទើបទីនោះជាប់ឈ្មោះថាភ្នំ៥៣រហូតដល់ពេលបច្ចុប្បន្ន។
ការបោះតង់សម្រាកនៅរមណីយដ្ឋាននេះ ក៏ជាចំណាប់អារម្មណ៍ពិសេសមួយផងដែរ ដោយនៅពេលសូរិយារៀបអស្ដង្គត យើងក៏អាចបង្កើតកម្មវិធីសប្បាយៗ ដូចជា ការដុតពោតដុតដំឡូង ទទួលទានអាហារជុំក្បែរភ្នក់ភ្លើង និងកម្មវិធីកម្សាន្តជាច្រើនសម្បូរបែបទៀត៕
ដោយ៖សហការី