ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត រួមនឹងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ស្រុកកំពង់សីលា ស្នាក់ការសន្តិសុខ ចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង មានប្រវែង ១៤៨គីឡូម៉ែត្រ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ ខេត្តកោះកុង។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អតីតកាលរបស់កម្ពុជា ការតភ្ជាប់រវាង ខេត្តព្រះសីហនុ និងកោះកុង គឺត្រូវ ធ្វើដំណើរតាមកាណូតប្រកបដោយភាពគ្រោះថ្នាក់ ហើយក្នុងកំឡុងចុងឆ្នាំ១៩៨៥ ឬអាចក្នុងដើមឆ្នាំ១៩៨៦ សម្តេចធ្លាប់អញ្ជើញទៅខេត្តកោះកុង តាមស្រុកស្រែអំបិល ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏ជួបលោក រ៉ុង ផ្លានកេសន បក់ដៃរកគ្នា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខាងមុខខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចច្រើនជាងខេត្តដទៃ ដោយ មិនចាញ់ខេត្តព្រះសីហនុនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវមោទនភាពចំពោះ កិច្ចប្រឹងប្រែងរបស់សម្តេច និងសហការី ក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តកោះកុង ពីស្ថានភាពដ៏លំបាក។ សម្តេចតេជោ បានថ្លែងថា សុខសន្តិភាព គឺជាកត្តាដ៏ សំខាន់នាំឱ្យសម្ដេចបានកសាង និង អភិវឌ្ឍន៍ខេត្តនេះ៕
ដោយ៖ស តារា