អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លិបបិសាចក្រហម Manchester United លោក Ralf Rangnick បាននិយាយថា គាត់ “អស់សង្ឃឹម” ចង់ឱ្យខ្សែប្រយុទ្ធ Edinson Cavani ស្នាក់នៅទឹកដី Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
Cavani ដែលបានចូលរួមជាមួយ United ដោយមិនគិតថ្លៃផ្ទេរពីក្លិប Paris St-Germain ក្នុងឆ្នាំ២០២០ បានចុះកុងត្រាបន្តជាមួយក្លិបរហូតដល់ខែមិថុនា ឆ្នាំ២០២២។ កីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Barcelona និង Juventus ក្នុងទីផ្សារដោះដូរកីឡាករខែមករា។
លោក Rangnick បាននិយាយថា “គាត់ដឹងថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យគាត់ទៅទេ។ ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងថា សម្រាប់ខ្ញុំ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ គាត់ប្រហែលជាមនុស្សតែម្នាក់គត់ដែលអាចលេងជាខ្សែប្រយុទ្ធ និងការស៊ុតបញ្ចូលទី ហើយដូចដែលខ្ញុំបាននិយាយវិជ្ជាជីវៈរបស់គាត់ ក្រមសីលធម៌ការងាររបស់គាត់គឺអស្ចារ្យណាស់។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំចង់ឱ្យគាត់ស្នាក់នៅរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ យើងពិតជាត្រូវការគាត់”។
លោក Rangnick បានបន្តថា “គាត់បានបញ្ជាក់យ៉ាងច្បាស់ថា គាត់ចង់ចាកចេញ ហើយតាមវិធីមួយ ខ្ញុំអាចយល់ពីបំណងប្រាថ្នារបស់គាត់ក្នុងការចាកចេញ និងព្យាយាមលេងឱ្យបានទៀងទាត់នៅកន្លែងផ្សេង។ ប៉ុន្តែជាថ្មីម្តងទៀត វាគឺជាសំណួរដែលមិនត្រឹមតែគាត់ចង់ធ្វើអ្វីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសំណួរថាតើក្លិបប្រភេទណាដែលចាប់អារម្មណ៍គាត់ ហើយតើពួកគេបំពេញតាមការទាមទាររបស់ក្លិបដែរឬទេ ដូច្នេះយើងត្រូវរង់ចាំមើលទាំងអស់គ្នា”។
ខ្សែប្រយុទ្ធ Cavani វ័យ៣៤ឆ្នាំបានចេញពីកៅអីបម្រុងដើម្បីរកគ្រាប់បាល់តាមស្មើក្នុងតង់ទី២ក្នុងលទ្ធផលស្មើ ១-១ របស់ Man United នៅ Newcastle កាលពីសប្តាហ៍មុន ហើយបានចាប់ដៃគូជាមួយ Cristiano Ronaldo នៅខាងមុខអំឡុងពេលប្រកួតឈ្នះ Burnley ៣-១ កាលពីថ្ងៃទី៣០ ខែធ្នូសប្តាហ៍មុន។
ជម្រើសមួយទៀតរបស់លោក Rangnick ដែលកំពុងស្វែងរកការចាកចេញពីក្លិបគឺខ្សែប្រយុទ្ធ Anthony Martial ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ២៦ឆ្នាំរូបនេះមានសំណើខ្ចីជើងពី Sevilla ដែលត្រូវបានច្រានចោលដោយ United កាលពីខែធ្នូ ដោយសារមានតម្លៃត្រឹមតែពាក់កណ្តាលនៃប្រាក់ឈ្នួលរបស់គាត់ ដែលត្រូវបានគេគិតថាប្រហែល១៥០,០០០ ផោនក្នុងមួយសប្តាហ៍។
ក្រុម Manchester United ឈរនៅលេខរៀងទី៧ក្នុងតារាង Premier League មាន៣១ពិន្ទុ ក្នុង១៨ប្រកួត ហើយនឹងត្រូវប៉ះក្រុម Wolverhampton Wanderers នៅផ្ទះនៅថ្ងៃទី៣ ខែមករានេះដែលជាការប្រកួតក្នុងសប្តាហ៍ទី១៩របស់ពួកគេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)