កីឡាករ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ក្រុម Paris St-Germain ៤នាក់ដែលធ្វើតេស្តវិជ្ជមាន Covid-19។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ម្សិលមិញ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi និងមិត្តរួមក្រុម Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថា មានវិជ្ជមានCovid-19 មួយថ្ងៃមុនពេលការប្រកួត French Cup របស់ PSG ជាមួយក្រុម Vannes ដែលជាក្រុមឈរនៅលីគលំដាប់ទី៤របស់បារាំង។
ក្លិបបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Lionel Messi កំពុងនៅដាច់ដោយឡែកពីគេ និងត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញ។
គ្រូបង្វឹកក្រុម PSG លោក Mauricio Pochettino បាននិយាយថា Messiនៅតែស្ថិតក្នុងប្រទេសអាហ្សង់ទីន ជាកន្លែងដែលគាត់ចំណាយពេលសម្រាករដូវរងា ហើយនឹងមិនធ្វើដំណើររហូតដល់ការធ្វើតេស្តអវិជ្ជមាន។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃអាទិត្យ លោក Pochettino បាននិយាយថា គាត់មិនអាចកំណត់កាលបរិច្ឆេទនៃការត្រឡប់មកវិញរបស់ Messi បានទេ។ ការប្រកួតលីគដំបូងរបស់ក្រុមPSG ក្នុងឆ្នាំ២០២២ បន្ទាប់ពីសម្រាករដូវរងាររបស់ពួកគេគឺត្រូវប៉ះក្រុមLyon នៅថ្ងៃអាទិត្យទី៩ ខែមករាខាងមុខនេះ។
ចំណែកខ្សែប្រយុទ្ធ Neymar នឹងខកខានការប្រកួតនោះ ខណៈដែលគាត់កំពុងបន្តតាមដានពីអាការៈរបួសកជើងនៅក្នុងប្រទេសប្រេស៊ីល។ ក្លិបបានអះអាងថា កីឡាករវ័យ២៩ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រឡប់មកហ្វឹកហាត់វិញក្នុងរយៈពេល៣សប្តាហ៍ទៀត ។
សូមជម្រាបថា ក្រុម PSG កំពុងឈរកំពូលតារាងក្នុងលីគកំពូលបារាំង Ligue 1 មាន៤៦ពិន្ទុ ក្នុង១៩ប្រកួត ខណៈក្រុមឈរលេខ២គឺ Nice មាន៣៣ពិន្ទុ ក្នុង១៩ប្រកួតដូចគ្នា។ ចំណែកក្រុមលេខ៣ Marseille មាន៣៣ពិន្ទុដែរ និងក្រុមលេខ៤ Rennes និងលេខ៥ Montpellier មាន៣១ពិន្ទុដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)