ភ្នំពេញ៖ ធ្វើឲ្យមានការភ្ញាក់ផ្អើលនេះកើតមានឡើងនៅព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ ២០២២នេះ ក្រោយពីលោក យិនហេង ហៅចំប៉ីខ្មៅ បានបង្ហោះសារអមដោយរូបថតនៃពាក្យបណ្តឹងរបស់ខ្លួនប្តឹងលោក ម៉ៃ សុគន្ធ រហ័សនាមកំពូលមហាទើសនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននោះ។ លោក ហេងយិន ហៅ ចំប៉ីខ្មៅ បានប្តឹងម៉ៃសុគន្ធចំនួន៣បទល្មើស គឺបទញុះញុងឲ្យមានការរើសអើង បទបរិហាកេរ្តិ៍ជាសាធារណៈ និងបទរំលោភលើទំនុកចិត្ត។
តាមរយៈសារនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលបានបង្ហោះនៅលើគណនីរបស់ចំប៉ីខ្មៅបានលើកឡើងថា៖ “ជូន កំពូលសិល្បករ ម៉ៃ សុគន្ធ ដីកាកោះហើយ សូមអញ្ចើញផង ។ អរុណសួស្ដីដើមឆ្នាំថ្ងៃច័ន្ទដើមទ្រព្យ ទី ០៣ ខែ មករា ឆ្នាំ ២០២២។ ក៏ដឹងថាខ្ញុំកូនកាត់យួន ក៏ដឹងថាខ្ញុំធ្លាប់ជាប់គុក ហេតុអ្វីអ្នកតែងតែបំពានកិត្តិយស សេចក្ដីថ្លៃថ្នូររបស់ខ្ញុំ ឆ្លៀតធ្វើអាជីវកម្មលើឈ្មោះខ្ញុំទៀត។នេះជាអំណាចនៃសេរីភាពនិងសិទ្ធិ”។ ភ្ជាប់ដោយសារនេះគឺជារូបថតនៃពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចូលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២១នោះដោយមានខ្លឹមសារថា”ខ្ញុំបាទឈ្មោះយិនហេង ហៅចំប៉ីខ្មៅ ភេទប្រុសអាយុ២៥ ឆ្នាំជនជាតិខ្មែរសញ្ញាតិខ្មែរមានមុខរបរជាមគ្គុទេសទេសចរណ៍តំបន់រាជធានីភ្នំពេញបច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ដោយកម្មវត្ថុសុំប្តឹងឈ្មោះម៉ៃ សុគន្ធ អាយុ៣៧ឆ្នាំរស់នៅបុរីមហាសែនសុខភ្នំពេញពីបទញុះញុងឲ្យមានការរើសអើង បរិហាកេរ្តិ៍ជាសាធារណៈ និង រំលោភទំនុកចិត្តដែលបានប្រព្រឹត្តិនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tok។ ប្រភពបន្តថាកាលពីអំឡុងថ្ងៃទី០៤ខែតុលាឆ្នាំ២០២១បុគ្គលឈ្មោះម៉ៃសុគន្ធបានប្រើប្រាស់បណ្តាញសង្គមទាំងពីរក្នុងចេតនាញុះញុងឲ្យមានការរើសអើង បរិហាកេរ្តិ៍ និងកេងចំណេញសេដ្ឋកិច្ចមកលើរូបខ្ញុំបាទ ដើម្បីបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរដោយការផុសវីដេអូនិងអមដោយអត្ថបទថា”មនុស្សម្នាក់ចោទគេថាជាសត្វមានតែគាត់នៅជាមនុស្សខ្វាក់ភ្នែកទាំងសងខាងងងឹកសូន្យឈប់ យ៉ាប់បំផុតអាល្ងង់ធ្វើចេះហ៊ានទេប្រកួតវប្បធម៌ជាមួយចំប៉ីខ្មៅរង្វាន់៥លានរៀល ដោយបានទាំងសរសេរបន្ថែមនៅលើអត្ថបទដោយបង្ហាញទាំងគណនីធនាគារABA របស់ចំប៉ីខ្មៅថែមទៀតផង។ ស្របនឹងពាក្យបណ្តឹងនេះដែរ គឺជារូបថតដីកាកោះអញ្ជើញលោកយិន ហេង ហៅចំប៉ីខ្មៅជាដើមបណ្តឹងឲ្យចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៤ ខែមករានេះដើម្បីសាកសួរបំភ្លឺជុំវិញបណ្តឹងខាងលើផងដែរ។
គេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែម និងឃើញមានប្រតិកម្មណាមួយពីសំណាក់តារាចម្រៀង លោក ម៉ៃ សុគន្ធនៅឡើយទេគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២នេះ៕
ដោយ ៖ វឌ្ឍនា