ខេត្តព្រៃវែង ៖ ផ្ទះក្បឿងមួយខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង និងមួយខ្នងទៀតឆេះអស់មួយចំហៀងខាងក្រោយ កាលពីល្ងាចថ្ងៃទី២មករា ឆ្នាំ២០២២នៅចំណុចខាងមុខឃ្លាំងលេខ៣៥ក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែងដោយសារម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយនៅខាងក្រោយផ្ទះ រួចទុកចោលចេញទៅក្រៅបាត់។
ករណីនេះបានធ្វើឱ្យមនុស្សរាប់រយនាក់ ផ្អើលរត់ចែកជើងគ្នា ដោយអ្នកខ្លះរត់ជញ្ជូនអីវ៉ាន់ចេញពីផ្ទះយកទៅទុកកន្លែងមានសុវត្ថិភាព អ្នកខ្លះរត់រកទឹកមកជួយពន្លត់ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកខ្សាយ” ក” បានឲ្យដឹងថា ផ្ទះដែលត្រូវភ្លើងឆាបឆេះនេះ មានចំនួន២ខ្នង ដែលផ្ទះទី១ជាប្រភេទផ្ទះឈើប្រក់ក្បឿង មានទំហំ7៧ម៉ែត្រ គុណ១០ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង មានម្ចាស់ឈ្មោះ ហ៊ឹម សូភី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរជាគ្រូបង្រៀនចូលនិវត្តន៍ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងផ្ទះទី២ ជាប្រភេទផ្ទះឈើ ជញ្ជាំង និងដំបូលប្រក់សង្ក័សី មានទំហំ 6៦ម៉ែត្រ គុណ 8៨ម៉ែត្រ ត្រូវភ្លើងឆេះអស់ជញ្ជាំងមួយកំណាត់ខាងក្រោយ មានម្ចាស់ឈ្មោះ ពេជ្រ វ៉ាត ភេទប្រុស អាយុ៦១ឆ្នាំ មុនរបរលក់ដូរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
អ្នកភូមិបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យកើតជាអគ្គិភ័យនេះឡើង គឺដោយសារតែអ្នកស្រី ហ៊ឹម សូភី ជាម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាក់ដាំបាយនៅខាងក្រោយផ្ទះ រួចទុកចោលចេញទៅក្រៅបាត់។ ពេលនោះទំនងជាគល់អុសធ្លាក់ពីចង្ក្រានមកចំសំរាមដែលនៅក្បែរនោះ ទើបឆាបឆេះបង្កជាអគ្គិភ័យបែបនេះឡើងតែម្តងទៅ។ តែទោះជាយ៉ាងណា ក្រោយពីកើតហេតុភ្លាមៗមានរថយន្តពន្លត់អគ្គិភ័យស្រុកពាមរក៍ ចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើទឹកបាញ់ពន្លត់អស់ចំនួន៣រថយន្ត និងរួមផ្សំជាមួយអ្នកស្រុកជិតខាង ជួយដាក់ទុយយោបាញ់ពន្លត់ផងនោះ ទើបភ្លើងរលត់ជាស្ថាពរដោយប្រើពេលវេលាអស់១ម៉ោង ៕
ដោយ ៖ ប្រាថ្នា