ខេត្ដស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្អើលអ្នកភូមិទាំងយប់ដោយសារម៉ូតូ២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួន បណ្ដាលអោយមនុស្ស៤នាក់របួសធ្ងន់ស្រាលត្រូវបានដឹកមកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវបំបែកលេខ ២០៩ ស្ថិតក្នុងភូមិ រោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះមី មន អាយុ ៤២ ឆ្នាំ មុខរបរ ចុងភៅ រស់នៅភូមិ ជៀសឫស្សី ឃុំ ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណជិះម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ០៩៦៨។
ចំណែកភាគីរងគ្រោះមានឈ្មោះ ចាន់ ប៊ន អាយុ ៤១ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ មុខដា ឃុំ មុខដា ស្រុករមាសហែក ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរម្នាក់មិនទាន់ស្គាល់ឈ្មោះខណៈជិះម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១N.៥៤៥១។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J ០៩៦៨ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ដោយមិនគោរពសិទ្ធិអាទិភាពស្រាប់តែបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១N.៥៤៥១ជិះគ្នា២នាក់ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះផ្អើលអ្នកភូមិទាំងយប់ បណ្ដាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ស្រាលត្រូវបានដឹកមកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីដោះស្រាយគ្នាពេលក្រោយតាមច្បាប់ ៕
ដោយ៖យឹម សុថាន