ខេត្តប៉ៃលិន ៖ មានអគ្គិភ័យមួយបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងសៃឡូ ដែលស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុង. ខេត្តប៉ៃលិនដោយបំផ្លាញឡសម្ងួតពោតមួយខ្នងនិងបណ្តាលឲ្យខូចខាតគ្រាប់ពោតចំនួន២០តោន និងសម្ភាមួយចំនួន ដោយសារឆ្លងចរន្តអគ្គិសនី។
មន្រ្តីនគរបាលពន្លត់អគ្គិភ័យក្រុងប៉ៃលិនបានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះឡសម្ងួតពោតមួយកន្លែងនេះ គឺម្ចាស់ទីតាំងមានឈ្មោះ ស៊ុន ឡាយ ហៅ តាប៉ោង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅ ភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុង. ខេត្តប៉ៃលិន ។ ម្ចាស់ផ្ទះអះអាងថា ខណ:គ្រួសាររបស់គាត់និងកម្មករកំពុងដេកលង់លក់ស្រាប់តែឮសំឡេងផ្ទុះត្រង់បារ៉ែតភ្លើងហើយក្លាយជាអណ្តាតភ្លើងឆេះពេញបន្ទុកតែម្តង។
ក្រោយកើតហេតុភ្លាម កម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យក្រុងប៉ៃលិនបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យ ចំនួន៣គ្រឿងទៅបាញ់ទឹកពន្លត់ដោយអស់ទឹកចំនួន០៤រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន និងបានប្រើរយៈពេលជាង២ម៉ោងឯណោះ៕
ដោយ ៖ ប្រាថ្នា