ខេត្តកោះកុង ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ឲ្យលុបចោលគម្រោងទាំងអស់(គម្រោងមិនទាន់អនុវត្ត) ដែលធ្វើជាមួយក្រុមហ៊ុន លី ឈួង ដោយសារការនាំគ្នាស៊ិះស៊ុះបំផ្លាញថវិការដ្ឋ។ សម្តេចបញ្ជាក់ដោយម៉ឺងម៉ាត់ថា បើធ្វើជាមួយក្រុមហ៊ុន លី ឈួង ហើយ ត្រូវយកលុយបានពីចំណូលស្ថាប័នខ្លួនទៅទូទាត់រយៈពេល២០ឆ្នាំ (រដ្ឋគ្មានលុយចេញជំនួសទេ)។
សម្តេចតេជោ ហ៊ុន សែន ព្រមានឲ្យបញ្ឈប់ជាបន្ទាន់បើមិនដូច្នោះទេ ក្រុមហ៊ុននេះនឹងត្រូវដាក់ចូលក្នុងបញ្ជីខ្មៅរបស់រដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសគ្រោងធ្វើសវនកម្មលើគម្រោងនានារបស់ខេត្ត ជាមួយក្រុមហ៊ុនសាងសង់ លី ឈួង បើរកឃើញមិនប្រក្រតីនៅខេត្តណាមួយ អភិបាលខេត្តអាចនឹងមានបញ្ហា។
សូមបញ្ជាក់ថា, សម្តេចតេជោបានថ្លែងបែបនេះ ខណៈសម្តេចអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការព្រមានធ្ងន់ៗទៅកាន់ក្រុមហ៊ុន លី ឈួង ដែលកន្លងមកបានធ្វើការឃុបឃិតជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួលគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើការសាងសង់មុនទូទាត់ក្រោយ ដែលធ្វើឱ្យមានការជំពាក់បំណុលរាប់សិបឆ្នាំនោះ។
សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសប្បាយរីករាយ នៅពេលការប្រឡងបាក់ឌុបឆ្នាំ២០២១ ដែលមានបេក្ខជនជាង ១១ម៉ឺននាក់ មានតែ៣នាក់ ប៉ុណ្ណោះឆ្លងកូវីដ-១៩ ដោយ២នាក់ ជាកីឡាការិនី និងម្នាក់ទៀត បេក្ខជននៅខេត្តបាត់ដំបង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ពិនិត្យមើលឡើងវិញចំពោះប្រជាពលរដ្ឋជាង៧ម៉ឺននាក់ ដែលគ្រូពេទ្យហាមមិនឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ដោយយោងលើកត្តាសុខភាពផ្សេងៗ។
សម្តេចបញ្ជាក់ថា ជំងឺខ្លះអាចចាក់វ៉ាក់សាំងបាន និងមិនមានបញ្ហាដល់សុខភាពនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ជំរុញការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋឲ្យបានលឿនដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ-១៩កាន់តែមានប្រសិទ្ធភាពខ្ពស់។
សម្ដេចតេជោ ហ៊ុន សែន ជំរុញសម្ដេចក្រឡាហោម ស ខេង និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួង សាធារណៈការ និងដឹកជញ្ជូន ពិភាក្សាបង្កើតតេឡេក្រាម សម្រាប់ពលរដ្ឋ ថតពីសកម្មភាពល្មើសច្បាប់ចរាចរណ៍ ហើយបាញ់បញ្ចូលក្នុងតេឡេក្រាម ដើម្បីពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានឹងមានស្ពានមិត្តកម្ពុជា-កូរ៉េ នៅពេលខាងមុខឆាប់ៗនេះ ដែលជាការតភ្ជាប់ទៅកាន់តំបន់ល្វាឯម ហើយតំបន់នោះនឹងក្លាយជាទីក្រុងរណប ដ៏មានសក្តានុពលសេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែដាក់ការសង្ឃឹមថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយសាងសង់ស្ពានឆ្លងទន្លេមេគង្គ ពីភ្នំពេញ ទៅស្វាយជ្រុំ ខាងស្រុកល្វាឯម ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញពីចក្ខុវិស័យនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ ផ្លូវថ្នល់តាំងពីដើមរៀងមក ជាពិសេសការកសាងឡើងវិញ ផ្លូវជាតិលេខ ៤៨ខេត្តកោះកុង ជាការតភ្ជាប់នឹងធ្វើឱ្យរបៀងសេដ្ឋកិច្ចមាត់សមុទ្រ នឹងមានការគ្របដណ្តប់ផ្នែកទិសនិរតីទាំងមូល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញសេចក្តីរីករាយដែលបានឃើញប្រជាពលរដ្ឋ សប្បាយរីករាយនៅថ្ងៃខួបនយោបាយឈ្នះ ឈ្នះ ក៏ដូចជាថ្ងៃឆ្លងឆ្នាំសកល ខណៈដែលរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ តាមរយៈការដែលបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានយ៉ាងជោគជាំនោះ៕
ដោយ ៖ សិលា