ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់ក្រោម១៨ឆ្នាំទទួលបាន ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូស ទី៣ ហើយនៅថ្ងៃទី០៣ ខែមករាឆ្នាំ២០២២នេះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងដំណើរការ ចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដូសទី១ និងដូសទី២រួច ហើយមានគម្លាតរយៈពេល ចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ហើយ  នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ ។

   ជាក់ស្តែងនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នេះ នៅតាមទីតាំងទាំង៤២ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ គេបានឃើញកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាលបាននាំកូន-ចៅរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ដូសជំរុញ ឬដូសទី៣ យ៉ាងច្រើនកុះករ ក្រោយការរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ។

   បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ធ្នូ២០២១ កន្លងមកនេះ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាបថា កន្លងមកយុទ្ធនាការចាក់វ៉ាក់សាំង ដូសមូលដ្ឋានជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ក្រោម ១៨ឆ្នាំ សម្រេចបានលទ្ធផលលើសពី ផែនការដែលបានគ្រោងទុកក្នុងនោះ ការបញ្ជូនបុត្រធីតា និងសាច់ញាតិមកទទួលវ៉ាក់សាំងបង្ការ គឺជាផ្នែកមួយដ៏មាន សារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ក្នុងស្មារតី បុរេសកម្ម និងម៉ឺងម៉ាត់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីង-១៩ រហូតអាចឈានទៅបិទបញ្ចប់នូវ “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”។ 

      យ៉ាងណាមិញ ដើម្បីសម្រេចបានភាពស៊ាំសហគមន៍ និងធានាបានប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទូទៅ ស្របពេលនៃការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់រាជធានីភ្នំពេញជាចំណុច ចាប់ផ្តើមនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣នេះតាម “អភិក្រមផ្ការីក និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូរីដ-១៩ ដូសទី១ និងដូសទី២រួច ហើយ មានគម្លាតរយៈពេលចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់ដូសទី២ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅទីតាំងចំនួន៤២ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ (ដូចបានកំណត់ជូនក្នុងឧបសម្ព័ន្ធភ្ជាប់មកជាមួយ)។

     ទន្ទឹមនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖

 – ប័ណ្ណ (កាត) ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

– សំបុត្រកំណើតឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិត ដែលបានប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី១។

    រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកចំពោះមាតាបិតា-អាណាព្យាបាល អ្នកគ្រប់គ្រង មណ្ឌលថែទាំកុមារដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ អញ្ជើញមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវប្រកាន់ខ្ជាប់ ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិ ភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរហើយត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាល និង វិធានការ “៣ ការពារ និង ៣ កុំ”របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ដោយ ៖ សំរិត


ចែករំលែក៖