ខេត្តបាត់ដំបង៖ មរណភាពរបស់តារាចម្រៀងនាងប្រាក់សុគន្ធ ម្ចាស់បទ”បេះដូងចេះស្រវឹង” បានធ្វើឲ្យទស្សនិកជនជាច្រើនសម្តែងការសោកស្តាយ និងមិនទាន់អស់ចិត្តនៅឡើយ។ កាន់តែក្តុកក្តួលអួលដើមក គឺក្រោយពីនាងគន្ធា ជាប្អូន បានសរសេរសំណេរខ្លីមួយបន្ថែមទៀតនៃការធ្វើដំណើរពីទឹកដីកំណើតនៃស្រុកសំឡូតខេត្តបាត់ដំបងមកច្រៀងវិញតែម្នាក់ឯង។
គេចាំបានថាបងប្អូនអ្នកចម្រៀង គឺកញ្ញា នាង គន្ធា និងលោក នាងប្រាក់សុគន្ធ ដែលបានខិតខំតស៊ូជាខ្លាំងនៅលើវិថីសិល្បៈពីរនាក់បងប្អូន។ ពេលនេះនាងគន្ធា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ នឹងវិលមកបន្តអាជីពសិល្បៈចម្រៀងតែម្នាក់ឯង ដោយបាត់បងប្រុសបណ្តូលចិត្ត និងជាសាច់ញាតិជិតដិតបំផុត ដែលធ្លាប់មើលថែរក្សាគ្នាហើយ។ ពិធីបុណ្យគម្រប់៧ថ្ងៃរបស់សពតារាចម្រៀង នាងប្រាក់សុគន្ធ បានបញ្ចប់មែនប៉ុន្តែទឹកចិត្តអាណិតស្រលាញ់ទៅកាន់តារាចម្រៀងរូបនេះនៅតែមាន ពិសេសគេបាននឹងគិតទៅដល់អារម្មណ៍ប្អូនស្រីដែលធ្លាប់តែរស់នៅជុំគ្នាតែបែជាត្រូវរស់នៅឯកោតែម្នាក់ឯងដើម្បីបន្តជីវិតជាអ្នកចម្រៀងនៅរាជធានីភ្នំពេញ។
នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រីរូបនេះបានបញ្ចេញនូវសំណេរមួយចំនួនដែលបានឆ្លុះបញ្ចាំងពីអារម្មណ៍សោកសៅរបស់ខ្លួន បើទោះបីជាមិនអាចបរិយាយអស់ពីទំហំទឹកចិត្តរបស់នាងមែន ប៉ុន្តែទស្សនិកជនជាច្រើនបានយល់ពីជម្រៅចិត្តរបស់នាងចំពោះបងប្រុសដែលធ្លាប់កម្សត់កម្រ និងធ្លាប់បានដឹកដៃគ្នាចូលរួមកម្មវិធីCambodian Idol រដូវកាលទី២កាលពីអំឡុងឆ្នាំ ២០១៦នោះ និងបន្តប្រឹងប្រែងខ្លាំងលើវិថីសិល្បៈរហូតមានការងារជាអ្នកចម្រៀងដែលអាចជួយសម្រាលជីវភាពក្រុមគ្រួសារបានខ្លះ ជាអកុសលនៅថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០២១នេះ គេទទួលបានដំណឹងថាតារាចម្រៀងស្រស់សង្ហា ខ្ពស់ស្រឡះ នាងប្រាក់ សុគន្ធ បានទទួលមរណភាពទាំងវ័យក្មេងបាត់ទៅហើយព្រោះតែគ្រោះថ្នាកចារណ៍ដោយសារមានរថយន្តបើកបុកពីខាងក្រោយរហូតមហាជជាច្រើនបានបង្ហោះសារជុំវិញការទទួលមរណភាពរបស់តារាចម្រៀងរូបនេះដែលពួកគាត់បានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរជឿទេថាវាពិតជាលឿនខ្លាំងមិនអាចត្រៀមចិត្តបាន។ មុននេះកញ្ញា នាងគន្ធា បានពោលពាក្យមួយចំនួនដែលធ្វើឲ្យគេរំជួលចិត្តគ្រប់គ្នាគឺ”បងមកនៅផ្ទះយើងវិញណា មកនៅចាំផ្ទះចាំមើលថែពុកម៉ែ ខ្ញុំទៅធ្វើការនៅភ្នំពេញវិញហើយ បងនៅផ្ទះមើលថែពុកម៉ែជំនួសខ្ញុំផង”។ សារនេះអមដោយរូបថតមួយសន្លឹកបង្ហាញពីធាតុដែលដាក់នៅពីមុខរូបថតបងប្រុសជាទីស្រលាញ់ ហើយវាឆក់បានការចាប់អារម្មណ៍និងបង្ហាញពីអារម្មណ៍សោកស្តាយ និងផ្ញើសារលើកទឹកចិត្តទៅកាន់តារាចម្រៀងស្រីរូបនេះគ្រប់ៗគ្នា៕
ដោយ ៖ វឌ្ឍនា