ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តសៀមរាប រៀបចំយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ”

ចែករំលែក៖

ខេត្តសៀមរាប ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅសួនច្បារមុខព្រះរាជដំណាក់ បានរៀបចំកម្មពីធីយុទ្ធនាការសម្អាតបរិស្ថាន ក្រោមប្រធានបទ “ទីក្រុងស្អាត បរិស្ថានល្អ  សុខភាពល្អ” ក្រោយពិធីស្វាគមន៍ចូលឆ្នាំសកល ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងលោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងក្រុងសៀមរាប លោកប្រធានមន្ទីរបរិស្ថាន លោក លោកស្រី តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រី តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី តំណាងអាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្អូនៗសិស្សានុសិស្ស។ 

ថ្លែងនាពេលបើកកម្មពិធីនេះដែរ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលធ្វើឲ្យក្រុងសៀមរាបរបស់យើងក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ រុក្ខជាតិខៀវខ្ចី ផ្កាចម្រុះពណ៌ និងបង្កើនការយល់ដឹងអំពីអនាម័យបរិស្ថានដល់សាធារណជនក្នុងគោលបំណងបង្កើនបរិស្ថានស្អាតក្នុងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។ 

លោកបានបន្ថែមទៀតថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ 

ជាមួយគ្នានេះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងចាំបាច់បំផុត ព្រោះការបំពុលដោយប្លាស្ទិកនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ជាពិសេសសំណល់ប្លាស្ទិកទាំងនេះកំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយផាសុខភាព។ ដូចនេះយើងរួមគ្នារួមចំណែកការពារបរិស្ថាន និងរួមគ្នាចោលសំរាមឱ្យបានត្រឹមត្រូវ ដោយរៀបចំទុកដាក់សំរាមនិងចោលសំរាមឱ្យត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដែលរៀបចំជូន៕

ដោយ ៖ សិលា


ចែករំលែក៖