ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ត្រូវបានគេឃើញធ្លាក់ពីលើអគារដ៏ខ្ពស់ស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៤រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចន្លោះអគារដឺព្រីនស៍ផ្លាហ្សា និងអគារយៀកថៃ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាកើតហេតុស្រាប់តែមាននារីជនជាតិចិនម្នាក់ធ្លាក់ពីលើអគារមកដល់ដីបណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ហើយបន្ទាប់មកគេឃើញមានវត្តមានកម្លាំងនគរបាលជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះដល់ទីតាំងកើតហេតុដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុឱ្យបានច្បាស់លាស់។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យសាកសពនារីជនជាតិចិន ប៉ុន្តែមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេថាជនរងគ្រោះលោតធ្វើអត្តឃាតដោយខ្លួនឯង ឬក៏ជាឃាតកម្មនោះឡើយ៕
ដោយ ៖ រ៉ារ៉ា