ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះព្រិលវាយប្រហារអាមេរិកធ្វើឱ្យប្រធានាធិបតីយឺតជើងហោះហើរ

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី៣ខែមករា(ពេលវេលានៅអាមេរិក) មានព្យុះរដូវរងាបានបណ្តាលឱ្យមានព្រិលធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងគ្របដណ្តប់ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក និងភាគកណ្តាលមហាសមុទ្រអាត្លង់ទិក ដែលបង្ខំឱ្យទីភ្នាក់ងារសាធារណៈ និងសាលារៀនជាច្រើនត្រូវបិទទ្វារ យន្តហោះមិនអាចហោះហើរបាន ហើយមនុស្សរាប់ពាន់នាក់ធ្លាក់ក្នុងស្ថានភាពគ្មានថាមពលប្រើប្រាស់។
ក្រសួងឧតុនិយមអាមេរិកបានប្រកាសថា ព្យុះព្រិលមានកម្រាស់ដល់ទៅ ១២-២៥សង់ទីម៉ែត្រ រួមផ្សំជាមួយខ្យល់ខ្លាំង មានល្បឿន៦៤គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះជាព្យុះព្រិលដំបូងបង្អស់វាយប្រហារអាមេរិកក្នុងរដូវរងាឆ្នាំនេះ។
គិតត្រឹមល្ងាចថ្ងៃទី៣ខែមករា (ពេលវេលានៅអាមេរិក) មានព្រិលធ្លាក់កម្រាស់ដល់ទៅ ២១,៥៩សង់ទីម៉ែត្រក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ចំណែកនៅក្នុងរដ្ឋ Tennessee មានព្រិលធ្លាក់កម្រាស់២៣សង់ទីម៉ែត្រ រដ្ឋ Virginia មានព្រិលធ្លាក់កម្រាស់៣៧សង់ទីម៉ែត្រ និង Maryland មានព្រិលធ្លាក់កម្រាស់ដល់ទៅ៤០សង់ទីម៉ែត្រ។
លោក Austin Mansfield អ្នកឯកទេសស្តីពីអាកាសធាតុនៅក្នុងរដ្ឋ Virginia បានលើកឡើងថា អាកាសធាតុបែបនេះមិនសូវកើតមានឡើយក្នុងអំឡុងដើមឆ្នាំ។ នៅតំបន់ប្រជុំជនមានកម្រិតព្រិលធ្លាក់ក្រាស់ប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
ប្រធានាធិបតីបៃឌិនក៏ត្រូវយឺតយ៉ាវស្តីពីជើងហោះហើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ ។ លោកបៃឌិន និងក្រុមការងារបានជាប់គាំងនៅក្នុងយន្តហោះ រយៈពេល៣០នាទី រង់ចាំការបោសសម្អាតព្រិលពីផ្លូវហោះហើរ។ ចំណែកក្បួនរថយន្តដឹកប្រធានាធិបតីទៅកាន់សេតវិមានដែលធ្លាប់តែបើកលឿន តែពេលនេះក៏ត្រូវបើកយឺតៗដោយព្រិលធ្លាក់ខ្លាំង។
ពលរដ្ឋប្រមាណ៦៦១ពាន់នាក់ នៅក្នុងរដ្ឋ Virginia, Maryland, Carolina និង Georgia មិនមានអគ្គិសនីប្រើប្រាស់ឡើយ ។ ជាមួយគ្នានេះជើងហោះហើរដល់ទៅជាង ៨ពាន់ជើងរងផលប៉ះពាល់ ក្នុងនោះមាន៣ពាន់ជើងហោះហើរត្រូវលុបចោល និងជាង ៥ពាន់ជើងហោះហើរត្រូវពន្យារពេល៕

ដោយ៖ធីរីណា(រូបថត៖Reuters )


ចែករំលែក៖