ក្លិប Watford បានច្រានចោលការចោទប្រកាន់របស់សហព័ន្ធបាល់ទាត់សេណេហ្គាល់ (FSF) កាលពីថ្ងៃចន្ទ ទី៣ ខែមករា ឆ្នាំ២០២២ពីការរារាំងខ្សែប្រយុទ្ធ Ismaila Sarr មិនឲ្យចូលរួមប្រកួតក្នុងពានរង្វាន់ Africa Cup of Nations នាពេលខាងមុខ។
សហព័ន្ធបាល់ទាត់សេណេហ្គាល់ FSF បានអះអាងថា ក្លិប Watford បានបង្ហាញពីអាកប្បកិរិយាមិនគោរព មិនឲ្យតម្លៃ និងរើសអើង។ទោះជាយ៉ាងណាក៏ដោយក្លិប Watford ជឿជាក់ថា កីឡាករ Sarr ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសជង្គង់ និងមិនបានបង្ហាញខ្លួនឱ្យក្លិបនៅPremier League ចាប់តាំងពីខែវិច្ឆិកាមកនោះ មិនទាន់ជាសះស្បើយក្នុងការបង្ហាញខ្លួនក្នុងការប្រកួតនៅប្រទេសកាមេរូននៅចុងខែនេះទេ។
ការប្រកួត Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែមករា ហើយដំណើរការរហូតដល់ថ្ងៃទី៦ ខែកុម្ភៈ ដែលធ្វើឲ្យប៉ះទង្គិចជាមួយរដូវកាលធំៗរបស់ក្លិបអឺរ៉ុប។
សេចក្តីថ្លែងការណ៍របស់ FSF បានឲ្យដឹងថា “សហព័ន្ធកីឡាបាល់ទាត់សេណេហ្គាល់ សូមសម្តែងនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះអាកប្បកិរិយាមិនគោរព ការប្រមាថ និងការរើសអើងរបស់ថ្នាក់ដឹកនាំក្លិប Watford ដែលស្វែងរកគ្រប់មធ្យោបាយដើម្បីរារាំងកីឡាករមិនឱ្យលេងជាមួយក្រុមជម្រើសជាតិរបស់គាត់” ។
ភ្លាមៗក្លិប Watford បានឆ្លើយតបជាមួយនឹងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដោយអញ្ជើញ FSF ឱ្យ Sarr ពិនិត្យដោយ គ្រូពេទ្យវះកាត់ឯករាជ្យរបស់ពួកគេផ្ទាល់ដើម្បីបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យ និងរយៈពេលនៃការស្តារនីតិសម្បទា។ សេចក្តីថ្លែងការណ៍របស់ក្លិប Watford បានបញ្ជាក់ថា “នៅដើមខែធ្នូ ក្លិបបានសរសេរទៅកាន់សហព័ន្ធកីឡាបាល់ទាត់សេណេហ្គាល់ បង្ហាញពីការធ្វើរោគវិនិច្ឆ័យព្យាបាលរបួសរបស់ Ismailaហើយបានតាមដានភ្លាមៗដោយផ្តល់ការស្កែន MRI ដែលលម្អិតអំពីទំហំរបួស។ បន្ទាប់ពីការពិគ្រោះបន្ថែមជាមួយអ្នកជំនាញវេជ្ជសាស្រ្ត យើងបានជូនដំណឹងដល់សហព័ន្ធនៃដំណើរការស្តារនីតិសម្បទារបស់ Ismaila និងទំនងជារយៈពេលនៃការជាសះស្បើយឡើងវិញ”។
Sarr បានចាប់អារម្មណ៍ចំពោះការលេងជាមួយ Watford ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន៥គ្រាប់ក្នុងការបង្ហាញខ្លួន ១២ប្រកួតនៅ Premier League។ ការអវត្តមានរបស់គាត់ធ្វើឲ្យក្លិបបរាជ័យ ខណៈដែលក្រុមរបស់លោក Claudio Ranieri បានចាញ់ការប្រកួតទាំង៦ចាប់តាំងពីគាត់មានរបួស ៕
ដោយ៖ ភារៈ(រូបភាព ៖ CNA)