គ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំបានកើតឡើងនៅតំបន់ជាយក្រុងវ៉ាស៊ីនតោន នាថ្ងៃទី៣ ខែមករាឆ្នាំ២០២២ ដោយសារតែព្យុះព្រិលយ៉ាងខ្លាំង គ្របដណ្តប់ពេញផ្លូវថ្នល់រអិលពិបាកក្នុងការបើកបរ ។ មន្ត្រីក្នុងតំបន់នីមួយៗបានស្នើដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះមួយរយៈសិន។
ស្ត្រីមួយរូបដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន News4 កាលពីល្ងាចថ្ងៃទី ៣ខែមករាថា នាងត្រូវប្រើពេលដល់ទៅជាង៣ម៉ោងទើបបើករថយន្តបានមកដល់ផ្ទះស្ថិតនៅតំបន់ Oxon Hill រដ្ឋ Maryland។
នៅក្នុងតំបន់ Stafford រដ្ឋ Virginia មហាវិថី I-95 ត្រូវជាប់គាំងជាច្រើនម៉ោងដោយមានរថយន្ត៦គ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍។ ចំណែកនៅលើមហាវិថីI-97 មានរថយន្តរាប់រយគ្រឿងត្រូវជាប់គាំងដោយគ្រោះថ្នាក់ចរាចរណ៍បន្តកន្ទុយគ្នាបណ្តាលមកពីផ្លូវរអ៊ិលខ្លាំងពេក។
នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់ឬរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីព្យុះព្រិលនៅឡើយទេ៕ ដោយ៖ធីរីណា
រូបថត៖Twitter